នៅព្រឹកថ្ងៃទី ១ កក្កដា ឆ្នាំ ២០២៥ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យកម្លាំង អាវុធ យុទ្ធោបករណ៍ និងមធ្យោបាយបម្រើការងារ របស់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងបំណងរៀបចំការចូលរួមគាំទ្រកងកម្លាំងការពារព្រំដែនជួរមុខ ដើម្បីការពារបូរណភាពទឹកដីជាតិ។
ពិធីនេះ ក៏មានការចូលរួមពី អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានអំពាវនាវស្វាគមន៍ដល់ឯកឧត្តម សន្តិបណ្ឌិត សុខ ផល និងប្រតិភូរបស់ក្រសួងមហាផ្ទៃ ព្រមទាំងទទួលអំណោយថ្លៃថ្លា ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់ជូនកងកម្លាំង ដើម្បីជួយសម្រួលក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។
ឯកឧត្តមស្នងការរាជធានីក៏បានរាយការណ៍សង្ខេបអំពីការគ្រប់គ្រងកម្លាំង មធ្យោបាយ សម្ភារ និងសភាពលទ្ធភាពក្នុងការងារ ព្រមទាំងប្តេជ្ញាចូលរួមការពារព្រំដែនជាមួយកងកម្លាំងជួរមុខ។

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ក៏បានបញ្ជូនសារផ្ទាល់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដល់កងកម្លាំងនគរបាល ដែលបានបំពេញភារកិច្ចស្ម័គ្រចិត្ត ដោយមិននឿយហត់ និងបានសរសើរពីការគ្រប់គ្រង និងប្រើប្រាស់យុទ្ធោបករណ៍បានប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនេះដែរ បានលើកឡើងអំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ និងណែនាំឱ្យកងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តពង្រឹងការគ្រប់គ្រងកម្លាំង យុទ្ធោបករណ៍ សម្ភារ និងស្បៀងអាហារ ដើម្បីគាំទ្រដល់ការងារពាក់ព័ន្ធសន្តិសុខ និងការពារបូរណភាពទឹកដីពិសេសជួយដល់សមរភូមិមុខ៕




