កំពង់ចាម÷ ក្នុងបំណងធ្វើឱ្យពិធីបុណ្យ រុក្ខទិវាជាតិ ៩ កក្កដា ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយសោភ័ណភាព និងសុវត្ថិភាពខ្ពស់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា, អភិបាលខេត្តកំពង់ចាម, បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិភាក្សា និងសម្របសម្រួលផែនការរៀបចំកម្មវិធីនានា ដែលនឹងប្រារព្ធធ្វើឡើងនៅ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ពិធីនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាភស្តុតាងនៃការយកចិត្តទុកដាក់ជាទីបំផុតចំពោះបរិស្ថាន និងការពារធនធានធម្មជាតិរបស់ជាតិ។

ឯកឧត្តមអភិបាលបានឱ្យដឹងថា ការរៀបចំពិធីនេះ មិនត្រឹមតែជាកិច្ចការរដ្ឋបាលទេ ប៉ុន្តែជាការបង្ហាញពីភាពរួបរួមសហការរបស់គ្រប់ស្ថាប័ន ក្នុងការអភិរក្សព្រៃឈើ និងបរិស្ថាន។

ក្នុងនាមជាអ្នកដឹកនាំការងារ លោកបានណែណាដល់ស្ថាប័នជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទៅលើកិច្ចការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីការពារសុខសុវត្ថិភាពជូនព្រះមហាក្សត្រ នៃយើង ព្រមទាំងថ្នាក់ដឹកនាំ ក៏ដូចជា ប្រតិភូអមដំណើរ រួមជាមួយនឹងការពន្លឿនលើកិច្ចការ ដែលនៅសេសសល់មួយចំនួនទៀត ដោយធ្វើយ៉ាងណា ឲ្យកម្មវិធីរុក្ខទិវា ០៩ កក្កដា  ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក ។

លោកបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចជា៖ ការរៀបចំវេទិកា និងទីតាំងសមរម្យសម្រាប់ព្រះមហាក្សត្រ និងមកពីភ្ញៀវអង្គភាពនានា រួមទាំងការធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ ធ្វើយ៉ាងណាដើម្បីធានាថា ពិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ជាតិដ៏មានសារសំខាន់ និងគួរឱ្យចងចាំសម្រាប់ខេត្តកំពង់ចាម និងប្រទេសជាតិទាំងមូល៕

Share.