អន្តរជាតិ៖ តាមរយៈសារព័ត៌មាន Thairath បានចេញផ្សាយនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះឱ្យដឹងថា លោក សុតទីឆៃ វីរ៉ាគុនស៊ុនថន សមាជិកក្រុមប្រឹក្សាខណ្ឌចមថង៦អាណត្តិ មកពីគណបក្សផឿថៃ នឹងលើកសំណើរស្នើសុំអាជ្ញាធរក្រុងបាងកកស៊ើបអង្កេតអគារមួយចំនួននៅក្នុងប្រទេសថៃដែលជាសំបុកឧក្រិដ្ឋកម្មអនឡាញ បន្ទាប់ពីស្ថិតិមួយបានបង្ហាញថា ក្នុងមួយថ្ងៃគឺមានជនជាតិថៃចាញ់បោកនិងខាតបង់លុយយ៉ាងហោចជាង ២ម៉ឺនដុល្លារ ដោយសារពួកក្រុម Call Center។

យោងតាមស្ថិតិពីមជ្ឈមណ្ឌលរាយការណ៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យដឹងថា ​គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ជនជាតិថៃជាច្រើននាក់បានក្លាយជាជនរងគ្រោះដោយសារក្រុម Call Center ក្លែងបន្លំ បោកបញ្ឆោតឱ្យបង់ទ្រព្យសម្បត្តិ និងបានបោកបញ្ឆោតឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មអនឡាញក្នុងទម្រង់ផ្សេងៗថែមទៀត ដែលរបាយការណ៍បញ្ជាក់ថា ប្រទេសថៃកើតមានករណីឆបោកអនឡាញដល់ទៅជាង ៧៣៩,០០០ ករណី ដែលមានតម្លៃខាតបង់ទឹកប្រាក់សរុបជាង ៧៧ ពាន់លានបាត ឬជាមធ្យម ៧៧លានបាតក្នុងមួយថ្ងៃ ឬប្រមាណជាង ២ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

លោក សុតទីឆៃ វីរ៉ាគុនស៊ុនថន មើលឃើញថា ទីក្រុងបាងកកមានអាគារជាច្រើនទីតាំងកំពុងក្លាយជាសំបុកឧក្រិដ្ឋកម្មអនឡាញដែលមានហានិភ័យចំពោះប្រជាជនថៃ ដូច្នោះហើយលោកនឹងលើកពីសំណើរមួយនេះ ក្នុងគោលបំណងការពារសុខសុវត្ថិភាពប្រជាជនថៃ និងដើម្បីឱ្យក្រុមប្រឹក្សាអាជ្ញាធរទីក្រុងបាងកកដើរតួនាទីក្នុងការជួយប្រជាជនយ៉ាងម៉ឺងមាត់។ សំណើរខាងលើនេះនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំសភាទីក្រុងបាងកក សម័យប្រជុំសាមញ្ញសម័យទី ៣ (លើកទី ១) នៃកិច្ចប្រជុំប្រចាំឆ្នាំ ២០២៥ ធ្វើឡើងនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥៕

Share.