រដ្ឋមន្ត្រីទូរគមនាគមន៍ លើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការគាំទ្រក្នុងនាមក្រសួងជំនាញបច្ចេកទេស នឹងផ្ដល់ការគាំទ្រតាមលទ្ធភាព និងទិសដៅអាទិភាពដែលបានរៀបចំនៅកម្រិតថ្នាក់ជាតិ។ និយាយឲ្យសាមញ្ញនោះគឺ តួអង្គពាក់ព័ន្ធគ្រប់វិស័យ មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លើកឡើងដូច្នេះនៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្ដីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ដោយមានអ្នកចូលរួមពីតំណាង UNESCO តំណាងអង្គការអន្តរជាតិ ជនបង្គោល និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ វិស័យឯកជន និងសាធារណជនប្រមាណ ៤៥០នាក់។
សិក្ខាសាលាថ្នាក់ជាតិ មានគោលបំណងសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្ដល់ជាវេទិកា ដើម្បីពិភាក្សា និងផ្ដល់សុពលភាពលើមតិយោបល់ដែលក្រសួង ស្ថាប័នបានផ្ដល់មកលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ ស្ដីពី បញ្ញាសិប្បនិម្មិតកន្លងមក និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមានវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ និងសិស្សានុសិស្សដែលសិក្សាជំនាញពាក់ព័ន្ធ ក្នុងគោលដៅធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរាល់ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះនៅពេលដាក់ឱ្យប្រើប្រាស់។
ក្នុងចំណោមបច្ចេកវិទ្យាឌីជីថលឈានមុខ បញ្ញាសិប្បនិម្មិតជាបច្ចេកវិទ្យាមានភាពលេចធ្លោជាងគេ នាំមកទាំងកាលានុវត្តភាព និងហានិភ័យ ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ។ កន្លងមក ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលកម្ពុជា ២០២២-២០៣៥ បានកំណត់វិធានការគោលនយោបាយគន្លឹះនិងសកម្មភាពអាទិភាពពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតរួចរាល់ ដែលបង្ហាញពីការគិតគូរជាមុនរបស់អ្នករៀបចំគោលនយោបាយ ប៉ុន្តែការរីកសាយ ការវិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពងាយស្រួលប្រើប្រាស់របស់បញ្ញាសិប្បនិម្មិតនិយាយជារួម និងបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (generative artificial intelligence) និយាយដោយឡែក ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធលៃលកជាថ្មីឱ្យបានឆាប់រហ័ស ដើម្បីតាមទាន់ស្ថានការណ៍តំបន់ និងសកល។
សូមជម្រាបថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានបន្ថែម “បច្ចេកវិទ្យា” ជាអាទិភាពគន្លឹះមួយ លើអាទិភាពគន្លឹះទាំង៤ នៃយុទ្ធសាស្ត្រចតុកោណ ព្រមទាំងបានកំណត់បញ្ចកោណទី៥ សម្រាប់ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលសបញ្ជាក់ថារាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕










