ក្រចេះ៖នៅក្នុងវេទិកាពិគ្រោះយោបល់ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តក្រចេះ និងអង្គការសង្គមស៊ីវិល ដែលបានប្រារព្ធធ្វើនៅថ្ងៃពុធទី២ខែកក្កដាឆ្នាំ២០២៥នេះ លោកស្រេង សុភាព អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានប្រាប់កុំឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពាក់ព័ន្ធនឹងអំពើសម្អាតប្រាក់ និងក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។

 ក្នុងឱកាសនេះ ឯកឧត្តម ស្រេង សុភាព បានបង្ហាញពីសារៈសំខាន់នៃតួនាទីអង្គការសង្គមស៊ីវិលក្នុងការផ្តល់សេវាសង្គម និងជួយលើកកម្ពស់វិស័យសុខភាព ការអប់រំ សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ ព្រមទាំងលើកទឹកចិត្តឲ្យសមាគម និងអង្គការធ្វើសកម្មភាពដោយស្មោះត្រង់ និងទាក់ទងជាដៃគូជាមួយរដ្ឋាភិបាលដើម្បីជួយអភិវឌ្ឍប្រទេសជាតិ។

ជាពិសេស ឯកឧត្តមបានស្នើឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចៀសវាងជាដាច់ខាត ការពាក់ព័ន្ធ ឬគាំទ្រដល់អំពើសម្អាតប្រាក់ ការចូលរួមជាមួយក្រុមជ្រុលនិយម និងសកម្មភាពណាមួយដែលប៉ុនប៉ងបំផ្លាញស្ថាប័ន និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

រដ្ឋបាលខេត្តក៏បានណែនាំឲ្យអង្គការទាំងអស់បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីភាពពហុបក្ស ការគោរពសិទ្ធិមនុស្ស ការថែរក្សាបរិស្ថាន និងទប់ស្កាត់បទល្មើសលើធនធានធម្មជាតិ។

គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ ខេត្តក្រចេះមានសមាគម និងអង្គការចំនួន ៥៧ ដែលក្នុងនោះរួមមានសមាគម និងអង្គការជាតិចំនួន ៤៦ និងអង្គការអន្តរជាតិចំនួន ១១៕

Share.