ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី នៅវិមានព្រឹទ្ធសភា ក្នុងបរិបទនៃទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីទៅកាន់កម្ពុជា។
ក្នុងជំនួបនេះ សម្តេចតេជោបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសរសើរចំពោះទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ដែលបានរីកចម្រើនយូរមកហើយ ចាប់តាំងពីព្រះរាជកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីដំបូង លោក លី ក្វាន់ យូ ប្រហែល ៦០ឆ្នាំមុន។ សម្តេចបានជឿជាក់ថា ទស្សនកិច្ចលើកនេះនឹងចូលរួមជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ។
ឯកឧត្តម Lawrence Wong បានសម្ដែងការអំណរគុណចំពោះសម្តេចតេជោដែលបានទទួលជួប និងបានបង្ហាញពីការមានសេចក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ គឺជាខួបទី៦០នៃទំនាក់ទំនងផ្លូវការរវាងកម្ពុជា និងសិង្ហបុរី។
សម្តេចតេជោបានលើកឡើងពីក្តីប្រាថ្នារបស់កម្ពុជា ចង់ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាមួយសិង្ហបុរី ដោយលើកសារសំខាន់លើការបង្កើនជើងហោះហើរពីសិង្ហបុរីមកកាន់កម្ពុជា ជាពិសេសនៅពេលដែលព្រលានយន្តហោះអន្តរជាតិតេជោថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់។

ក្រៅពីប្រធានបទទំនាក់ទំនងទ្វេភាគី សម្តេចតេជោក៏បានចែករំលែកអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងបន្ទាប់ពីករណីទាហានថៃបាញ់សម្លាប់ទាហានកម្ពុជានៅថ្ងៃទី២៨ ខែឧសភា។ សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាមនោះទេ ប៉ុន្តែប្រសិនបើមានការបំពាន ឬការឈ្លានពានកាន់តែច្រើន កម្ពុជានឹងប្រើសិទ្ធិការពារទៅតាមច្បាប់អន្តរជាតិ។
ឯកឧត្តម Lawrence Wong បានបង្ហាញការយល់ដឹង និងគាំទ្រចំពោះការសម្រេចចិត្តផ្អែកលើសន្តិវិធី និងច្បាប់អន្តរជាតិរបស់កម្ពុជា ដោយសង្ឃឹមថាបញ្ហានេះនឹងដោះស្រាយដោយសន្តិភាព។
ជំនួបដ៏សំខាន់នេះបានបង្ហាញពីការចាប់អារម្មណ៍រួម ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-សិង្ហបុរីទៅកម្រិតថ្មី ព្រមទាំងបង្ហាញពីកិត្តិយស និងការសហការដ៏ជ្រៅជារវាងប្រទេសទាំងពីរ៕


