ត្បូងឃ្មុំ, ការចូលរួមផ្ទាល់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង ក្នុងវេទិការសាធារណៈ ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ដល់ចម្លើយភ្លាមៗ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗចំនួន ៩ករណី ដែលត្រូវបានលើកឡើងដោយប្រជាពលរដ្ឋផ្ទាល់ ស្ថិតបរិវេណវត្តជ្រៃបិទមាស ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។




បញ្ហាដែលត្រូវបានលើកឡើងរួមមាន៖ ការជួសជុលផ្លូវ ការគ្រប់គ្រងសំរាម ការជ្រៀតជ្រែករបស់ក្រុមក្មេងទនើប បញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងសំណូមពរជួសជុលឡដុតសំរាម និងដាក់ថ្មមិចចាក់ផ្លូវនៅភូមិពណ្ណរាយ ហើយត្រូវបានក្រុមការងារដោះស្រាយនៅនឹងកន្លែង ដោយមានការសាទរជាខ្លាំងពីប្រពលរដ្ឋនៅក្នុងក្រុងសួង។





ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ បានឱ្យដឹងថា ថា វេទិការសាធារណៈនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ខេត្ត អាជ្ញាធរ និងក្រុមការងារ ក្នុងការទទួលសំណូមពរ ប្រមូលយោបល់ ព្រមទាំងវាស់វែងលទ្ធផលនៃគោលនយោបាយរដ្ឋាភិបាល នៅក្នុងមូលដ្ឋាន។ លោកបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយអាទិភាព ៩ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង ។





ជាមួយគ្នានេះ ចំពោះការអនុវត្តការងាររដ្ឋបាលក្រុង រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល គឺផ្តោត សំខាន់ទៅលើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធទៅនឹងការផ្តល់សេវាពាក់ព័ន្ធ ការងារអភិវឌ្ឍ ជាពិសេសការងារបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ៕
អត្ថបទ÷អាចារ្យលាក់
