ភ្នំពេញ, នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមរូបភាពផ្សព្វផ្សាយលក់ផ្លែទុរេនតាមបណ្តាញសង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំពីឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ។




ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ឈ្មោះ ឈ.ឆ. ភេទប្រុស និងទីឈ្មោះ ហ.គ.ន. ភេទស្រី ជនសង្ស័យទាំងពីរនេះ ជាម្ចាស់គណនីធនាគារ ដែលត្រូវបានប្រើប្រាស់ដើម្បីទទួលប្រាក់ពីជនរងគ្រោះ។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ជុំវិញករណីនេះក៏មានជនសង្ស័យម្នាក់ទៀតឈ្មោះ ឈ.ប. កំពុងរត់គេចខ្លួន និងជាអ្នកគ្រប់គ្រងគណនីធនាគារទាំងនេះសម្រាប់ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់។



បច្ចុប្បន្ន សំណុំរឿងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។ ជាមួយគ្នា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមរំលឹកដល់សាធារណជន ឲ្យប្រុងប្រយ័ត្នក្នុងការទិញទំនិញតាមអនឡាញ ជាពិសេសតាមបណ្តាញសង្គម។ សូមត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីភាពជឿជាក់របស់គណនី ឬផេកដែលធ្វើការលក់ ដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិ និងបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពផ្ទាល់ខ្លួន៕
អត្ថបទ÷កណ្ត
