ឈៀងម៉ៃ៖ ប៉ូលីសថៃ ចាប់ខ្លួនជនបរទេសចំនួន ១៧នាក់ កាលពីថ្ងៃអង្គារ នេះ ដោយចោទប្រកាន់ថាបានសមគំនិតក្នុងប្រតិបត្តិការឆបោក ដែលបានបោកប្រាស់ជនជាតិចិនចំនួន ១០ម៉ឺននាក់ ប្រមូលលុយបានជាង ១៤លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមការបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ប៉ូលីស ដែលទទួលខុសត្រូវលើខេត្តភាគខាងជើងរបស់ប្រទេសថៃ បានឱ្យដឹងថា ប៉ូលីសបានវាយឆ្មក់ចូលវីឡាប្រណីតមួយកន្លែងនៅស្រុកហាងដុង ខេត្តឈៀងម៉ៃ ដែលជាមូលដ្ឋានសម្រាប់ប្រតិបត្តិការឆបោក។

លោក Krittapon Yisakorn មេបញ្ជាការប៉ូលិសភូមិភាគទី៥ បាននិយាយថា ជនជាតិថៃត្រូវបានចោទប្រកាន់ថាជា អ្នករៀបចំទិញផ្ទះ ដើម្បីបិទបាំងសកម្មភាពឆបោកខុសច្បាប់ក្នុងប្រទេស។
លោក បានដឹកនាំក្រុមការងារចម្រុះ ដែលរួមមានមន្ត្រីមកពី ប៉ូលីស Cyber Taskforce ប៉ូលីសអន្តោប្រវេសន៍ អ្នកវិភាគចារកម្ម និងអង្គភាពជំនាញក្នុងការវាយឆ្មក់ ដោយកុំព្យូទ័រចំនួន ១០គ្រឿង និងទូរសព្ទដៃ ២៦គ្រឿង ត្រូវបានរឹបអូសទុកជាភស្តុតាង។ លោកបន្ដថា ជនបរទេសដែលត្រូវចាប់ខ្លួននោះមានជនជាតិចិន១៥នាក់ និងជនជាតិមីយ៉ាន់ម៉ា ២នាក់ ដោយជនជាតិបានមកស្នាក់នៅក្នុងប្រទេសថៃ តាមរយៈការធ្វើទិដ្ឋការទេសចរណ៍ និងសិក្សា ខណៈជនជាតិមីយ៉ាន់ម៉ា ចូលមកប្រទេសថៃដោយខុសច្បាប់។

យោងតាមការស៊ើបអង្កេតបឋមបានរកឃើញថា ជនរងគ្រោះជនជាតិចិន ជាង ១០០,០០០នាក់បានរងគ្រោះដោយការឆបោកតាមរយៈការហៅទូរស័ព្ទពីក្រុមឆបោក និងបានចាញ់បោកប្រាក់ជាង ១០០លានយ័ន (ស្មើនឹងជាង ១៤លានដុល្លារអាមេរិក)។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការវាយឆ្មក់កាលពីថ្ងៃអង្គារបានធ្វើតាមការស៊ើបអង្កេតដែលបានរកឃើញថាបណ្តាញបោកប្រាស់មានកាន់តែច្រើនឡើងៗ ដោយមានការទិញ ឬជួលអគារនៅក្នុងលំនៅដ្ឋាន សណ្ឋាគារ និងខុនដូនៅទូទាំងភាគខាងជើងប្រទេសថៃ។

យ៉ាងណាម៉ិញ នាយកដ្ឋានទំនាក់ទំនងសាធារណៈបាននិយាយថា អាជ្ញាធរថៃកំពុងសម្របសម្រួលជាមួយស្ថានកុងស៊ុលចិនសម្រាប់ព័ត៌មានបន្ថែម ហើយនឹងបើកការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណអ្នកសមគំនិត និងបណ្តាញពាក់ព័ន្ធដែលពាក់ព័ន្ធក្នុងប្រតិបត្តិការឆបោក។
សូមជម្រាបថា យោងតាមការចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី បានផ្សាយថា ប្រទេសថៃ ត្រូវបានគេរាយការណ៍ថា បានក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការសម្របសម្រួលគម្រោងឆបោកទាំងនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាទូរគមនាគមន៍ផ្សេងៗទៀត។

