សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ការចូលរួមរបស់សម្តេចនិងឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ពិធីបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង មិនមែនជាការសម្តែងនោះឡើយ ប៉ុន្តែជាការបង្ហាញនូវស្មារតីសាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
បើតាមសម្តេចតេជោ ពិធីបុណ្យគម្រប់ខួប១០ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានប្រព្រឹត្តទៅយ៉ាងអធឹកអធមដោយក្នុងនោះអ្នកផ្តើមបុណ្យមានទាំងក្រុមគ្រួសារសព គណបក្សនិងរាជរដ្ឋាភិបាល។

ការថ្លែងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះបានធ្វើឡើង នាឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងឥស្សរជនជាតិកំពូលៗ បានយាង និងអញ្ជើញចូលរួមក្នុងពិធីសាសនាផ្សេងៗរួមទាំងពិធីបង្សុកូល និងរាប់បាត្រ ក្នុងពិធីបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

វត្តមានសម្ដេចតេជោ និងឥស្សរជនជាតិកំពូលៗអញ្ជើញចូលរួមនាឱកាសនោះ ត្រូវបានទទួលគាវរកិច្ចនិងស្វាគមន៍ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ត្រូវជាកូន ក្មួយ ចៅៗ របស់សម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ។
សម្ដេចតេជោ រួមទាំងឥស្សរជនជាតិកំពូលៗ បានចូលអុជធូប បួងសួងនៅចេតិយតម្កល់អដ្ឋិធាតុ ដើម្បីសម្ដែងការគោរពដ៍ខ្ពង់ខ្ពស់ចំពោះសម្តេច ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបបខ្មែរក្រហមរំដោះប្រជាជននិងប្រទេសជាតិ និងបន្តរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិនៅគ្រប់ដំណាក់កាល៕


