យោងតាមការចេញផ្សាយដោយសារព័ត៌មាន Khao sod របស់ថៃ បានចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះថា កម្លាំងទាហានពិសេសទ័ពជើងគោក ចៅ តាក់ (Chao Tak) ក្រុមការងារ ផា មឿង (Pha Muang) បានដឹកនាំដោយលោកវរសេនីយ៍ឯក អនុវ៉ាត់ បញ្ចាណាន់ (Anuwat Panyanant) បានធ្វើប្រតិបត្តិការដ៏សំខាន់មួយ ដើម្បីបង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀននៅតំបន់ព្រំដែនខេត្តឈៀរ៉ៃ ប្រទេសថៃ។

កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២ ខែកក្កដា កម្លាំងការពារព្រំដែនបានប្រទះឃើញបុរសសង្ស័យមួយក្រុម មានគ្នាប្រមាណពី ២៥ ដល់ ៣០នាក់ កំពុងយកបាវមួយចំនួនចេញពីព្រៃតាមចិញ្ចើមផ្លូវ ឡើងលើរថយន្ដ។ ប៉ុន្តេនៅពេលសមត្ថកិច្ច​បង្ហាញ​ខ្លួន ​និង​ផ្តល់​សញ្ញា​ឱ្យ​ឈប់ត្រួតពិនិត្យ ក្រុម​បុរស​នោះ​បាន​បាញ់ប្រហារ​ទៅ​លើ​កងកម្លាំង ហើយរត់គេច​ខ្លួន។

នៅក្នុងបរិបទនៃការការពារខ្លួន កម្លាំងបានបាញ់តបតវិញ បណ្តាលឱ្យមានការបាញ់ប្រហារយ៉ាងខ្លាំង ប្រហែល ១០នាទី ដោយជនសង្ស័យចំនួន២នាក់ ត្រូវបានសម្លាប់នៅទីនោះ។ ក្រោយការស្ទង់មើលស្ថានភាពស្ងប់ស្ងាត់ កម្លាំងបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៦លានគ្រាប់ និងម៉ាទឹកកកចំនួន ២ថង់ មានទម្ងន់សរុបប្រហែល ៦២គីឡូក្រាម ដែលបានដាក់ក្នុងបាវចំនួន ៣២បាវ។

បន្ទាប់ពីបានសម្រេចប្រតិបត្តិការយ៉ាងជោគជ័យ វត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនសមត្ថកិច្ចផ្នែកស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាល មែ ហ្វា លឿង (Mae Fah Luang) ខេត្តឈៀងរ៉ៃ ដើម្បីបន្តដំណើរការតាមនិតិវិធីច្បាប់ និងស្វែងរកអ្នកពាក់ពន្ធជាក់ស្តែងជាបន្តបន្ទាប់៕

ប្រភព៖ Khao sod

Share.