ភ្នំពេញ ៖ កំណាត់ផ្លូវ ៩៥ កំពុងរងការខូចខាតជាជង្ហុក ដក់ទឹកបង្កផលលំបាកដល់ការរស់នៅប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធមេត្តា ចុះមកពិនិត្យធ្វើការជួសជុលផង ជៀសវាងខូចខាតកាន់តែធ្ងន់ធ្ងរ។

ផ្លូវដែលកំពុងរងការខូចខាតជាជង្ហុកគឺផ្លូវ៩៥កែងផ្លូវ៤៣៦ស្ថិតជាប់ទីតាំងលាងរថយន្តមួយកន្លែង (ក្រោយក្រសួងអភិវឌ្ឍន៍ជនបទ) ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា ផ្លូវដែលខូចខាតនេះ បានបង្កការលំបាកខ្លាំង ព្រោះពេលឆ្លងកាត់បើមិនព្យាយាមគេចទេដឹងតែខ្ទាតទឹកកខ្វក់ ដែលដក់នៅក្នុងជង្ហុក ប្រឡាក់ខោអាវតែម្ដង ដោយសារជង្ហុកមានតូចធំច្រើន ហើយនៅពេលមានម៉ូតូ ឬឡានបើកបរឆ្លងកាត់តែងមានទឹកខ្ទាតជានិច្ច ។ ចំពោះជង្ហុកនេះដែរក៏ធ្លាប់មានអ្នកធ្វើដំណើរឆ្លងកាត់ដួលផងដែរសំណាងដែររបួសតិចតួច ជាពិសេពេលយប់ប្រឈមគ្រោះថ្នាក់ខ្លាំង។

បើតាមអ្នកស្រី ងីម ពលរដ្ឋក្បែរនោះក៏បានប្រាប់បន្ថែមទៀតថា ផ្លូវលេខ ៩៥ កាលពីឆ្នាំមុន អាជ្ញាធរធ្លាប់ជួសជុលម្តងរួចមកហើយដែរ ប៉ុន្តែមកដល់ឆ្នាំនេះក៏ខូចម្តងទៀត ក៏កើតទៅជាជង្ហុកមានទឹកដក់ធំជាងឆ្នាំមុនទៅទៀត ។

ប្រជាពលរដ្ឋសំណូមពរទៅកាន់អាជ្ញាធរពាក់ព័ន្ធ មេត្តាយកចិត្តចុះត្រួតពិនិត្យផ្លូវជង្ហុកខាងលើនេះជួសជុលឡើងវិញអោយបានយូរ កុំអោយបានឆាប់ខូចបែបនេះ ព្រោះថាទោះបីផ្លូវនេះជាផ្លូវតូច ប៉ុន្តែមានអ្នកធ្វើដំណើរឆ្លងកាត់ច្រើន ដើម្បីកាត់បន្ថយផលវិបាក នារដូវធ្លាក់ភ្លៀង ។

ចំពោះបញ្ហានេះដែរលោក កៀង ល័ក្ខ អភិបាលរងខណ្ឌចំការមនបានអោយដឹងថា ដោយសារតែកន្លែងលាងរថយន្តក្បែរនោះតែងតែបង្ហូរទឹកមកលើផ្លូវ ធ្វើអោយទឹកដកឆាប់ខូចផ្លូវ។ ហើយទីតាំងខាងលើនេះអាជ្ញាធរក៏ធ្លាប់បានចុះណែនាំ ០២-០៣ដងមកហើយ ប៉ុន្តែនៅជាដដែល ហើយ នៅក្នុងសប្តាហ៍ក្រោយ លោកនឹងចាត់កម្លាំងជំនាញចុះទៅ អ៊ុតកំណាត់ផ្លូវ ៩៥ ដែលរងការខូចខាតនេះថ្មីឡើងវិញ ក៏ដូចជា ដាក់ឪសានុវាទដល់កន្លែងលាងរថយន្ត បញ្ឈប់អោយមានបង្ហូរទឹកមកលើផ្លូវបន្តទៀត ៕

អត្ថបទ៖ សេង សាវី

Share.