ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ ជំងឺផ្តាសាយបក្សីប្រភេទ H5N1 បានកើតលើកុមារអាយុ ៥ ឆ្នាំម្នាក់ ដែលមានទីលំនៅនៅភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ ដែលករណីនេះគឺជាករណីទី ១២ ហើយនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៥។

អ្នកជំងឺមានរោគសញ្ញា គ្រុនក្តៅ ក្អក ខ្សោយសំឡេង និងពិបាកដកដង្ហើម។ បច្ចុប្បន្ន អ្នកជំងឺកំពុង ស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះ ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

តាមការស្រាវជ្រាវ និងសាកសួរពីក្រុមគ្រួសារបានឱ្យដឹងថា ក្នុងផ្ទះអ្នកជំងឺ មានចិញ្ចឹមមាន់ប្រមាណ ៤០ ក្បាល ព្រមទាំងមានមាន់ឈឺ និងងាប់ចំនួន ២ក្បាល ដោយកុមាររងគ្រោះចូលចិត្តលេងជាមួយកូនមាន់ជារៀងរាល់ថ្ងៃ។ក្រោយទទួលបានព័ត៌មាន ក្រសួងសុខាភិបាល និងក្រុមឆ្លើយតបបន្ទាន់ បានសហការជាមួយមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមីស្តូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ជាថ្មីម្តងទៀតក្រសួងសុខាភិបាល បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕

Share.