អន្តរជាតិ៖ តាមរយៈការចេញផ្សាយពីសារព័ត៌មាន Thairath នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងទៅថៃរកឃើញអំពើពុករលួយនៅក្នុងរង្វង់សាសនាមួយករណីទៀតហើយ ដោយបានប៉ូលិសចាប់ខ្លួនលោកសង្ឃម្នាក់មានវ័យ ៦៩ ឆ្នាំបានប្រព្រឹត្តិល្មើសវិន័យលួចផ្ញើលុយឱ្យស្រីកំណាន់ម្នាក់វ័យ ២៦ ឆ្នាំប្រមាណ ៣០០ លានបាត ឬប្រហែលជាង ៩លានដុល្លារដើម្បីទៅភ្នាល់ល្បែងអនឡាញ។

ករណីនេះបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសង្គមថៃ ដោយសារព័ត៌មាន BBC Thailand អះអាងថា លោកគឺជាចៅអធិការវត្ត រ៉ៃឃីង បានទទួលសារភាពថា លោកពិតជាបានបោកប្រាស់ទំនុកចិត្តពុទ្ធបរិស័ទដែលបានជូនបច្ច័យជាសទ្ធាទានសម្រាប់កសាងវត្តដើម្បីសាងកុសលផលបុណ្យ។

សូមជម្រាបថា សម្រាប់សង្គមថៃ នេះមិនមែនជាករណីលើកដំបូងនោះទេដែលលោកសង្ឃប្រព្រឹត្តិល្មើសវិន័យលួចមានស្រីហើយផ្ញើប្រាក់ដើម្បីឱ្យទៅភ្នាល់ល្បែងអនឡាញ ដែលកន្លងធ្លាប់មានព័ត៌មានថៃបានចេញផ្សាយជាច្រើនករណីមកហើយ ដែលទាំងអស់នោះបានឆ្លុះបង្ហាញពីវិបត្តិសាសនានៅក្នុងប្រទេសថៃ៕

