ពោធិ៍សាត់៖​ ស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់របស់ខេត្តពោធិ៍សាត់ បើកយុទ្ធនាការថ្មី និងបានប្ដេជ្ញារួមគ្នា ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយនិងឈានទៅលុបបំបាត់គ្រឿងញៀននៅខេត្តពោធិ៍សាត់តែម្តង។

ការប្ដេជ្ញារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនាព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ នៅសាលាខេត្ត ដោយឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានដាក់ចេញនៅផែនការជាយុទ្ធសាស្ត្រថ្មី តម្រូវឱ្យអាជ្ញាធរគ្រប់លំដាប់ និងអង្គភាពស្ថារប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពង្រឹងឲ្យបានខ្លាំងក្លា ក្នុងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យខាងតែបាន មិនថានៅក្នុងរូបភាពណាក៏ដោយ គឺធ្វើយ៉ាងណាឈានទៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀន ដោយឈរលើគោលការណ៍មានមេឃុំចៅសង្កាត់ និងអភិបាលស្រុក/ក្រុង គឺគ្មានគ្រឿងញៀន បើមានគ្រឿងញៀន គឺគ្មានមេឃុំចៅសង្កាត់ និងអភិបាលស្រុកក្រុង។

បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលខេត្ត ជំរុញឲ្យអាជ្ញាធរក្រុង/ស្រុក/ឃុំ.សង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះសន្តិសុខ រៀបចំរបៀបរៀបរយសណ្ដាប់ធ្នាប់និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ទប់ស្កាត់និងបង្ក្រាបដាច់ខាតបទល្មើសធនធានធម្មជាតិ ព្រៃឈើនិងជលផល បង្កើនការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នានានៅក្នុងខេត្ត ត្រូវមានវិធានការថែទាំចំពោះសមិទ្ធផលនានាដែលមានកន្លងមក យកចិត្តទុកដាក់ថែទាំកូនឈើដែលបានដាំរួចហើយនិងបង្កើនការដាំបន្ថែម ក្រុមការងារអនុគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទាំង៦ ត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការ គាំទ្រប្រសាសន៍ឧបនាយករដ្ឋមន្ត្រីនេតសាវឿនចំពោះវិធានការបង្ក្រាបក្រុងក្មេងទំនើងនិងគ្រឿងញៀន អនុវត្តគោលការណ៍ឯកភាពមានមេឃុំចៅសង្កាត់ អភិបាលក្រុងស្រុកគឺគ្មានគ្រឿងញៀន៕

អត្ថបទ៖ ពោធិ៍សាត់

Share.