

ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៤ កក្កដានេះ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទៅសួរនាំបំភ្លឺ និងស្រាវជ្រាវតាមជំនាញរបស់នគរបាល ដើម្បីប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងវិភាគវាយតម្លៃលើករណី ទារប្រាក់អ្នកបើកបររថយន្តជនជាតិឥណ្ឌូណេស៊ី ចំនួន ៣០០ដុល្លារ កាលពីពេលកន្លងទៅថ្មីៗនេះ ហើយធ្វើរបាយការណ៍ ទៅកាន់ឧត្តមសេនីយ៍ឯក ជួន ណរិន្ទ អគ្គស្នងការរង ស្នងការរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច។
នេះបើយោងតាមព័ត៌មាន ដែលមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្ដល់ជូន។
សូមជម្រាបថា កន្លងទៅថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីនគរបាលចរាចរណ៍ឃាត់រថយន្តជនជាតិឥណ្ឌូណេស៊ី ១ គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូណេស៊ី បានបង្ហាញ បណ្ណបើកបរអាស៑ានរួចហើយ តែនគរបាលទាំងនោះនៅតែទាមទាររក ឯកសារផ្សេងៗ រហូតទាមទារលុយចំនួន ៣០០ ដុលា្លរ តែបុរសឥណ្ឌូណេស៊ី បានសម្រួលមកត្រឹម ៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមាននគរបាលមកទាមទារបន្ថែម ៤០០០ រៀលទៀត។
ករណីនេះធ្វើឱ្យមានការចាប់អារម្មណ៍ និងចែកចាយបន្តយ៉ាងទូលំទូលាយលើបណ្ដាញសង្គម។
ពាក់ព័ន្ធនឹងការកោះហៅមកសាកសួរលើមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំង៩រូបនេះ ស្នងការដ្ឋានរាជធានីភ្នំពេញនៅមិនទាន់បញ្ជាក់លទ្ធផលយ៉ាងណានោះទេ។
សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សក្ដិសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពហ្មត់ចត់បំផុត។ ដោយឡែកចំពោះមន្ត្រីណា ដែលរកឃើញថា អនុវត្តការងារគ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិជាដាច់ខាត ដោយមិនលើកលែងនោះទេ៕

