ប៉េកាំង៖ យោងតាមស្ថានទូតចិនប្រចាំទីក្រុងបាងកក បានឱ្យដឹងថា ជនជាតិចិនម្នាក់ ដែលបានបាត់ខ្លួនក្នុងប្រទេសថៃ បន្ទាប់ពីទទួលយកការងារថតស្ពត ត្រូវបានជួយសង្គ្រោះហើយ ដោយស្ថានទូតបានដាស់តឿនពលរដ្ឋរបស់ខ្លួន កុំឱ្យចាញ់បោកការផ្ដល់ជូនការងារខ្យល់ និងទទួលបានប្រាក់ខែខ្ពស់នៅប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

ការព្រមាននេះ បានកើតឡើងចំពេលដែលប្រទេសចិន មានការព្រួយបារម្ភអំពីការកើនឡើងនៃការជួញដូរមនុស្ស និងគម្រោងនៃការក្លែងបន្លំផ្សេងៗ ដែលផ្ដោតលើជនជាតិចិន នៅបរទេស។
ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជួយសង្គ្រោះបុរសជនជាតិចិនខាងលើ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីផ្សេងៗ ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតនោះទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលគាំទ្រដោយរដ្ឋចិន បានរាយការណ៍នាថ្ងៃទី៤ ខែកក្កដា នេះថា ជនរងគ្រោះជនជាតិចិនខាងលើនេះ មាននាមត្រកូល Zhong ត្រូវបានបោកបញ្ឆោតផ្ដល់ឱកាសថតរូបទស្សនាវដ្ដី ហើយត្រូវបានជួញដូរទៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបានហោះមកដល់ប្រទេសថៃ កាលពីដើមខែមិថុនា កន្លងទៅ។

បើតាមទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា ប្អូនស្រីរបស់ជនរងគ្រោះដែលបានទទួលការហៅទូរស័ព្ទគួរឱ្យសង្ស័យពីគាត់កាលពីសប្តាហ៍មុន នៅពេលដែលជនរងគ្រោះស្ថិតនៅក្នុងទីតាំងមិនស្គាល់អត្តសញ្ញាណមួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយមកប្អូនស្រីជនរងគ្រោះបានរាយការណ៍ទៅប៉ូលីសនៅទីក្រុងក្វាងចូវ និងបាងកក ពីការបាត់ខ្លួនរបស់បងប្រុស។

បើតាមអង្គការសហប្រជាជាតិ បណ្តាញឧក្រិដ្ឋកម្មបានជួញដូរមនុស្សរាប់សែននាក់នៅទូទាំងអាស៊ីអាគ្នេយ៍ ជាពិសេសនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ជាកន្លែងដែលជនរងគ្រោះត្រូវបានបង្ខំឱ្យធ្វើការងារឆបោកតាមអនឡាញខុសច្បាប់។

ជាក់ស្ដែងកាលពីខែមករា ឆ្នាំ២០២៥កន្លងទៅ តារាសម្ដែងជនជាតិចិន អាយុ ៣១ឆ្នាំម្នាក់ ត្រូវបានគេបោកបញ្ឆោតឱ្យមកធ្វើការងារថតភាពយន្ដនៅប្រទេសថៃ ប៉ុន្ដែក្រោយត្រូវបញ្ជូនទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងគោលបំណងបញ្ជូនទៅមជ្ឈមណ្ឌលឆបោកតាមអ៉ឺនធឺណិត ដើម្បីធ្វើការខុសច្បាប់ តែត្រូវបានប៉ូលីសជួយដោះលែងពីក្រុមឧក្រិដ្ឋជនបានវិញ៕

