ក្រោយពីឈប់ដំណើរការខ្សែថភ្លើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីអំឡុងខែ កក្កដា ឆ្នាំ២០២០ កន្លងទៅ ពេលនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវ។ ហើយក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះសារឱ្យដឹងនៅលើទំព័រ Facebook ផ្លូវការដូច្នេះ កាលពីរសៀលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការនិមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅពិនិត្យផ្ទាល់នៅតាមបណ្ដាយផ្លូវរថភ្លើងខាងលើ។

កំណាត់ផ្លូវរថភ្លើងនេះ តភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ហើយបានបកដំណើរការសាកល្បងកាលពី ខែមេសា ឆ្នាំ២០១៨។ រហូតដល់ខែ កក្កដា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិចារណាបិទជើងរថភ្លើងនេះទៅវិញ ដោយសារ ជើងរថភ្លើងនេះមិនសូវមានមនុស្សជិះ ប៉ុន្តែអាចបង្ករគ្រោះថ្នាក់ចរាចរណ៍ច្រើននៅតាមដងផ្លូវ។

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ៕

Share.