ភ្នំពេញ៖ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានទទួលអាវុធចំនួន ៤ដើម និងបង់ AK១បង់ (មានគ្រាប់ ១៦គ្រាប់) តាមរយៈការស្ម័គ្រចិត្តប្រគល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំ និងគ្រប់គ្រងដោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ចុះដឹកនាំដោយ វរសេនីយ៍ទោ នួន សុខនី តំណាងឱ្យ ឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋាន។ ក្រុមការងារបានសហការជាមួយមន្ត្រីនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះទទួលយកអាវុធពីគោលដៅ ២កន្លែង៖

គោលដៅទី១៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគល់អាវុធខ្លី ៣ដើម និងបង់ AK១បង់ម៉ាក PRAHA, BERETTA, និង K54, បង់ AK មានគ្រាប់ ១៦គ្រាប់។ គោលដៅទី២៖ បុរីប៉េងហួត បឹងស្នារ ប្រជាពលរដ្ឋម្នាក់ប្រគល់អាវុធម៉ាក CF98-9 ចំនួន ១ដើម។

ក្នុងឱកាសនេះ លោកវរសេនីយ៍ទោ នួន សុខនី បានថ្លែងអំណរគុណចំពោះស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួមកាន់តែខ្ពស់ក្នុងការជួយរដ្ឋបាលគ្រប់គ្រងសុវត្ថិភាពអាវុធផ្ទុះ។

ជាមួយគ្នា នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកាន់កាប់ ឬលាក់ទុកអាវុធខុសច្បាប់ សូមស្ម័គ្រចិត្តនាំមកប្រគល់ឱ្យអាជ្ញាធរដែលទទួលខុសត្រូវ ដើម្បីជៀសវាងការប្រើប្រាស់ក្នុងទិសដៅខុស និងការរងទោសតាមច្បាប់៕

អត្ថបទ÷កណ្តាល

Share.