យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation បានឱ្យដឹងថា មានហេតុការណ៍បាក់រលំអគារកំពុងសាងសង់មួយកន្លែងក្នុងប្រទេសថៃ បណ្ដាលឱ្យកម្មករចំនួន ១៣នាក់ ក្នុងចំណោមកម្មករ ១៦០នាក់ រងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:៤៥នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើសង្កាត់ Nimitmai ក្រុងបាងកក ដោយបណ្ដាលឱ្យកម្មករជាច្រើននាក់រងរបួស និងបានជំរុញឱ្យមានប្រតិបត្តិជួយសង្រ្គោះជាបន្ទាន់។

បើតាមការសាកសួរពីអ្នកមើលការខុសត្រូវលើអគារនេះបានឱ្យដឹងថា អំឡុងពេលកើតហេតុមានកម្មករចំនួន ១៦០នាក់កំពុងធ្វើការ ពេលនោះមានដែកមួយផ្ទាំងធំបានធ្លាក់ចុះក្រោមសង្កត់កម្មករមួយចំនួនក្នុងការដ្ឋាន។

ភ្លាមៗ អាជ្ញាធរបានបិទតំបន់រងគ្រោះ ដើម្បីចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ ជាលទ្ធផល មានកម្មករចំនួន ១៣នាក់បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយមិនមានមនុស្សជាប់នៅខាងក្នុងការដ្ឋានទៀតទេ។ ចំពោះមូលហេតុនៃការបាក់រលំ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

យ៉ាងណាម៉ិញ ឧបទ្ទវហេតុនេះធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្តង់ដារសុវត្ថិភាពការដ្ឋានសំណង់ក្នុងរាជធានី ជាពិសេសនៅតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើន។ អាជ្ញាធរ​មូលដ្ឋាន​បាន​ជំរុញឱ្យ​ក្រុមហ៊ុន​សំណង់​គោរព​ច្បាប់​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​សោកនាដកម្ម​បែបនេះបន្ត​ទៀត៕

ប្រភព៖ The Nation

Share.