ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានធ្វើការកត់សម្គាល់ដោយយកចិត្តទុកដាក់ខ្ពស់លើ ការលើកឡើងរបស់លោកស្រី ផែថងថាន រដ្ឋមន្ត្រីថ្មីនៃក្រសួងវប្បធម៌ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ អំពីការផ្អាកបញ្ចូនវត្ថុបុរាណខ្មែរទាំង ២០ដុំ ដោយយោងលើហេតុផលនៃការខ្វះថវិកាដឹកជញ្ជូន ដែលនេះជាហេតុផលមួយមិនសមស្រប និងមិនអាចទទួលយកបាននោះឡើយ។


ក្រសួងបានបញ្ជាក់ទៀតថា កាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ និងនីតិវិធីនានា ត្រូវបានក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ឯកភាពរួចហើយ ដោយការរៀបចំពិធីប្រគល់-ទទូល នឹងធ្វើនៅទីក្រុងបាងកក ខែកក្កដា ឆ្នាំ២០២៥នេះ ហើយការដឹកជញ្ជូនពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥នេះ ដោយរាល់ចំណាយនៃការដឹក ជញ្ជូនជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ព័ន្ធនឹងបន្ទុកថវិកាណាមួយរបស់ក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃឡើយ។

ជាមួយខ្លឹមសារខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានស្នើសុំឱ្យក្រសួងវប្បធម៌ថៃ អនុវត្តទៅតាមកិច្ចព្រមព្រៀងនិងពេលវេលា ដែលបានកំណត់ចៀសវាងការអូសបន្លាយពេលវេលា តទៅមុខទៀត។ ភាគីកម្ពុជា នឹងទទួលរ៉ាប់រងទាំងស្រុងនូវរាល់ការ ចំណាយពាក់ព័ន្ធនឹងការដឹកជញ្ចូននេះមកវិញ។
សូមជម្រាបថាបំណែកវត្ថុបុរាណទាំង២០នោះរួមមាន៖
១. បំណែកខ្លួនរបស់ព្រះពោធិសត្វលោកេស្វរៈព្រះហត្ថ៤ រចនាប័ទ្មបាយ័នសតវត្សទី១៣
២. បំណែកខ្លួនពុទ្ធបដិមាឈរ រចនាប័ទ្មបាយ័នសតវត្សទី១៣
៣. បំណែកខ្លួនទេវរូប រចនាប័ទ្មបាយ័នសតវត្សទី១៣
៤. បំណែកខ្លួនទេវរូប រចនាប័ទ្មអង្គរវត្តសតវត្សទី១២
៥. បំណែកខ្លួនរបស់ពុទ្ធបដិមាឈរក្នុងទម្រង់អភ័យមុទ្រៈរចនាប័ទ្មបាយ័នសតវត្សទី១៣
៦. បំណែកខ្លួនទេវរូប រចនាប័ទ្មអង្គរវត្តសតវត្សទី១២
៧. បំណែករូបទ្វារបាល រចនាប័ទ្មបាពួនអង្គរវត្ត សតវត្សទី១១ដល់១២
៨. បំណែករូបទ្វារបាល រចនាប័ទ្មបាពួន សតវត្សទី១១
៩. បំណែករូបទ្វារបាល រចនាប័ទ្មបាពួន សតវត្សទី១១
១០. បំណែករូបឥសី រចនាប័ទ្មអង្គរវត្ត សតវត្សទី១២

១១. បំណែករូបទ្វារបាល រចនាប័ទ្មបាពួនអង្គរវត្ត សតវត្សទី១១ដល់១២
១២. បំណែករូបតាឥសី រចនាប័ទ្មបាពួនអង្គរវត្ត សតវត្សទី១១ដល់១២
១៣. បំណែករូបព្រះឥន្រ្ទគង់លើដំរីអៃរាវ័ណ រចនាប័ទ្មបាពួន សតវត្សទី១១ដល់១២
១៤. បំណែករូបតាឥសី រចនាប័ទ្មបាពួន សតវត្សទី១១
១៥. បំណែករូបព្រះយមគង់លើសត្វក្របី រចនាប័ទ្មបាពួន សតវត្សទី១១
១៦. បំណែករូបព្រះពិរុណគង់លើសត្វហង្ស រចនាប័ទ្មបាពួន សតវត្សទី១១
១៧. បំណែករូបគ្រុឌឆក់នាគ រចនាប័ទ្មបាពួនអង្គរវត្ត សតវត្សទី១១-១២
១៨. បំណែករូបគ្រុឌឆក់នាគ រចនាប័ទ្មបាពួនអង្គរវត្ត សតវត្សទី១១-១២
១៩. បំណែករូបនាងទេពអប្សរឈរក្នុងព្រះពន្លាស្លឹកឈើស្រដៀងស្លឹករកា រចនាប័ទ្មបាពួនអង្គរវត្ត សតវត្សទី១១-១២
២០.បំណែករូបនាងទេពអប្សរឈរក្នុងព្រះពន្លាស្លឹកឈើស្រដៀងស្លឹករកា រចនាប័ទ្មបាពួនអង្គរវត្ត សតវត្សទី១១-១២

គួររំលឹកថា បំណែកបុរាណវត្ថុទាំង២០ដុំ នេះគឺជាដំណាក់កាលចុងក្រោយនៃគម្រោងបញ្ជូនត្រឡប់មកវិញនូវបំណែកបុរាណវត្ថុខ្មែរទាំង៤៣ដុំ ដែលអាជ្ញាធរថៃចាប់បានពីការរត់ពន្ធវត្ថុបុរាណកាលពីឆ្នាំ ២០០០ ដែលបានផ្ញើពីសិង្ហបុរីចូលមកប្រទេសថៃ។ ក្រោយពីបានវិភាគលើអត្តសញ្ញាណ និងប្រភពដើមនៃវត្ថុបុរាណរួចមករដ្ឋាភិបាលថៃក៏បានសម្រេចប្រគល់វត្ថុបុរាណទាំង៤៣នោះមកឱ្យកម្ពុជាវិញ ដោយលើកទី១ និងលើកទី២ប្រគល់សរុបចំនួន២៣ដុំក្នុងសម័យរដ្ឋាភិបាលរបស់លោក អភិសិទ្ធិ វិឆាឈិវៈ និងលោក ប្រាយុទ្ធ ចាន់អូចា ហើយលើកទី៣ គ្រោងនឹងប្រគល់ក្នុងខែកក្កដា ឆ្នាំ២០២៥ តាមច្រកអន្តរជាតិអូរស្មាច់ តាមកិច្ចព្រមព្រៀងក្នុងឆ្នាំ២០២៤ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃដែលមានលោកសេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តី៕

