អាជ្ញាធរបាននិយាយថា កុមារចំនួន ១១នាក់នៅតែបាត់ខ្លួនកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន បីថ្ងៃបន្ទាប់ពីកើតមានគ្រោះទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩នាក់នៅកណ្តាលរដ្ឋតិចសាស់ ដែលជារដ្ឋធំទី២ របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥។

លោក Larry Leitha នាយកការិយាល័យទទួលខុសត្រូវការពារសុវត្ថិភាពសាធារណៈបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមជួយសង្គ្រោះនៅតែបន្ដស្វែងរកកុមារ និងអ្នកប្រឹក្សាម្នាក់ដែលបាត់ខ្លួនពីជំរុំ Camp Mystic ក្នុងតំបន់ Kerr County។ លោកបានមានប្រសាសន៍ថា៖ «យើងនឹងបន្តស្វែងរក បន្ដកិច្ចខិតខំស្វែងរករហូតដល់អ្នករាល់គ្នាត្រូវបានរកឃើញ»។



លោក Larry បន្ដថា ក្នុងចំណោមចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃចន្ទ នេះ មានកុមារចំនួន ២១ នាក់។ បច្ចុប្បន្ន មានប្រហែល ២០ស្រុកក្នុងរដ្ឋតិចសាស់ត្រូវបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់៕

