ត្បូងឃ្មុំៈ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធី“ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥” ដោយរៀបចំប្រលែងកូនត្រីប្រមាណ ២១,០០០ កូន នៅបរិវេណអាងទឹកទំនប់ក្បាលអូរ ភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ។




ពិធីនេះដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងរៀបចំឡើងដោយសហការរវាងរដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ក្នុងគោលបំណងជំរុញការអភិវឌ្ឍធនធានជលផល ដើម្បីរួមចំណែកថែរក្សាមជ្ឈដ្ឋានជីវៈចម្រុះ និងគាំទ្រពីសុខមាលភាពអាហាររូបត្ថម្ភសម្រាប់ប្រជាពលរដ្ឋជាទូទៅ។




លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានលើកឡើងដែរថា បច្ចុប្បន្ន មន្ទីរ ក៏ដូចជាខណ្ឌរដ្ឋបាលជលផលខេត្ត បាននិងកំពុងសហការ ពង្រឹងកិច្ចការងារផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្មជាដើម ជូនដល់ប្រជាសហគមន៍ផងដែរ ។




ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការ បានសហការជាមួយរដ្ឋបាលស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំគរ និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការរៀបចំពិធី “ទិវាមច្ឆជាតិ ១ កក្កដា” ដ៏មានសារៈសំខាន់នេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះការបន្តចូលរួមថែរក្សា ការពារ បង្កបង្កើនធនធានមច្ឆជាតិ និងបំផុសការយល់ដឹង ក្នុងស្រទាប់សាធារណៈជន អំពីអត្ថប្រយោជន៍ នៃមច្ឆជាតិ និងវារីសត្វ ចំពោះមជ្ឈដ្ឋានជីវៈចម្រុះ និងរបបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។



ឯកឧត្តមអភិបាលខេត្ត បន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាព ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ។ ទិវានេះ មានគោលបំណងបង្ហាញឱ្យឃើញអំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា ការពារ បង្កបង្កើនការយកចិត្តទុកដាក់លើសម្បត្តិធម្មជាតិ ឱ្យស្ថិតស្ថេរ ចិរកាល រក្សាបានភាពគង់វង្សយូរអង្វែង ដើម្បីចូលរួមសម្រេចនូវគោលដៅអភិវឌ្ឍសហសវត្សរ៍ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ហើយការប្រលែងត្រីទាំងតូច ទាំងធំ មិនមែនសម្រាប់តែក្នុងអង្គពិធីនោះទេ គ្រប់គ្នាអាចធ្វើការលែងត្រីបានគ្រប់គ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពមជ្ឈដ្ឋានជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច សន្តិសុខស្បៀង អាហាររូបត្ថម្ភ និងសុខមាលភាពរបស់ប្រជាជន ។




ឯកឧត្តម ប៉ែន កុសល្យ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ។ បន្ថែមលើនេះ សូមគ្រប់់មជ្ឈដ្ឋានទាំងអស់ ត្រូវផ្តល់ក្តីស្រឡាញ់ ថែរក្សា ការពារព្រៃលិចទឹក មច្ឆជាតិ និងចូលរួមប្រលែងត្រី ឬវារីសត្វកម្រៗគ្រប់ប្រភេទនៅតាមអាងទឹក តាមស្រះសហគមន៍ តាមស្រះវត្ត តាមកន្លែងអភិរក្ស និងតាមដែននេសាទនានា ឲ្យបានច្រើនកុះករ ។ ទន្ទឹមនេះផងដែរ សូមរដ្ឋបាលស្រុក ក្រុង រដ្ឋបាលឃុំ សង្កាត់ មេភូមិ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការនេសាទដោយឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ជាពិសេសឧបករណ៍ លូស្បៃមុង និងឧបករណ៍ឆក់ត្រី ស្តែងឲ្យឃើញពីការចូលរួមរបស់បងប្អូន នឹងបង្ហាញពីស្មារតីទទួលខុសត្រូវលើធនធានជលផលរបស់យើង ។
បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរ នូវសភាពការណ៍ថ្មីៗដែលកំពុងកើតមានតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជាយើង និងប្រទេសថៃ ដោយក្នុងនោះ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងអ្នកពាក់ព័ន្ធ សូមបង្កលក្ខណងាយស្រួល ដល់ប្រជាពលករយើង ដែល ត្រលប់មកវិញ ទទួលបានឱកាសការងារល្អនៅក្នុងស្រុក ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ ។
សូមបញ្ជាក់បន្ថែមថា៖ កូនត្រីប្រមាណ២១,០០០ កូន ត្រូវបានប្រលែង ក្នុងទិវាមច្ឆជាតិ ដែលធ្វើឡើងនៅខេត្តត្បូងឃ្មុំ ហើយការកំណត់ឱ្យមានរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា គឺដើម្បីទុកពេលឱ្យត្រីពងកូន បន្តពូជ និងរីកលូតលាស់ធំធាត់នៅរដូវទឹកដំឡើង ដែលនឹងផ្តល់ជាប្រភពចំណូលប្រចាំថ្ងៃរបស់ប្រជានេសាទ និងជាប្រភពអាហារចម្បងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕
អាចារ្យលាក់ ៧.៧.២០២៥
