អន្តរជាតិ៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Thansettakij នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះឱ្យដឹងថា បន្ទាប់ពីបានជួបចរចាររួចមក ប្រទេសថៃបានទទួលលិខិតជាផ្លូវការពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងការសម្រេចយកពន្ធបដិការពីប្រទេសថៃ ៣៦% ដោយនឹងចាប់ផ្ដើមពីខែសីហាខាងមុខនេះហើយ។
ប៉ុន្មានឆ្នាំមកនេះ សហរដ្ឋអាមេរិកបានជួបពិភាក្សាជាប្រចាំជាមួយរដ្ឋាភិបាលថៃដើម្បីជជែកពីទំនាក់ទំនងពាណិជ្ជកម្ម ហើយបានឈានដល់ការសន្និដ្ឋានថា ចាំបាច់ត្រូវបញ្ចប់អតុល្យភាពដែលកើតមានជាយូរមកហើយដែលបណ្តាលមកពីពន្ធបដិការ វិធានការមិនមែនពន្ធគយ និងរបាំងពាណិជ្ជកម្មផ្សេងទៀតរបស់ប្រទេសថៃ ដោយបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ មិនអាចរាប់ចូលថាជាការដោះដូរគ្នាទៅវិញទៅមកបានទេ។
ក្រោមយុទ្ធសាស្ត្រថ្មី សហរដ្ឋអាមេរិកបានសម្រេចដាក់ពន្ធនាំចូល ៣៦% លើទំនិញទាំងអស់ដែលនាំចេញពីប្រទេសថៃទៅកាន់សហរដ្ឋអាមេរិក ដោយមិនគិតពីអត្រាពន្ធក្នុងប្រភេទផលិតផលជាក់លាក់ណាមួយឡើយ។ ទំនិញដែលត្រូវបានផ្ទេរតាមរយៈប្រទេសទីបីនឹងត្រូវទទួលរងនូវអត្រាខ្ពស់ជាងនេះ ដើម្បីជៀសវាងការបន្លំពន្ធ។ ការសម្រេចថ្មីនេះ ធ្វើឡើងកាលពីថ្ងៃចន្ទទី៧ខែ កក្កដា បន្ទាប់ពីលោក ត្រាំ ផ្ញើលិខិតទៅកាន់ប្រទេសជាច្រើនដើម្បីជូនដំណឹងអំពីអត្រាពន្ធថ្មី លើទំនិញដែលនាំចូលសហរដ្ឋអាមេរិក។
យ៉ាងណាមិញ លោក ត្រាំ បានបញ្ជាក់ថា ប្រសិនបើប្រទេសថៃ ឬក្រុមហ៊ុនថៃជ្រើសរើសបង្កើតមូលដ្ឋានផលិតកម្ម ឬដំឡើងសង្វាក់ផលិតកម្មនៅសហរដ្ឋអាមេរិក នោះផលិតផលទាំងអស់របស់ថៃនឹងត្រូវបានលើកលែងពីពន្ធបដិការ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងអនុម័តយ៉ាងរហ័ស ប្រកបដោយវិជ្ជាជីវៈ និងជាប្រព័ន្ធដើម្បីសម្រួលឡើងវិញលើបញ្ហាទាំងអស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ លោក ត្រាំ បានទុកពេលឱ្យប្រទេសធ្វើការសម្រេចចិត្តចំពោះការបើក ឬបិទទីផ្សាររបស់ខ្លួនចំពោះទំនិញនៅសហរដ្ឋអាមេរិក ព្រោះលោកបញ្ជាក់យ៉ាងច្បាស់ថា ពន្ធបដិការអាចនឹងមានអត្រាកើនឡើង ឬថយចុះអាស្រ័យសម្ព័ន្ធភាពរបស់ប្រទេសទាំង ២ ដូចគ្នា។
គួរដឹងថា ប្រទេសដទៃទៀតដែលជាប់ពន្ធបដិការរបស់អាមេរិក ដូចជា វៀតណាមចរចាឈ្នះអាម៉េរិកពីពន្ធចាស់ ៤៦% មកសល់ត្រឹមពន្ធនាំចូល២០% ក្រៅពីនោះ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនីស៊ី ត្រឹមតែ ២៥% ហើយកម្ពុជា និងថៃ ៖ ៣៦% បង់ក្លាដែស និងស៊ែប៊ី៖ ៣៥% ឥណ្ឌូណេស៊ី៖ ៣២% អាហ្វ្រិកខាងត្បូងនិងបូស្នៀ-ហឺហ្សេហ្គោវីណា៖ ៣០% ប៉ុន្តែមីយ៉ាន់ម៉ា និងឡាវ៖ ៤០% ដែលជាអត្រាខ្ពស់ជាងគេ៕

