អន្តរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod នៅថ្ងៃទី ៨ ខែកក្កដា​ឆ្នាំ ២០២៥នេះថា ការិយាល័យសុខភាពសាធារណៈខេត្តឈៀងម៉ៃបានចុះត្រួតពិនិត្យហាងលក់អាហារមួយកន្លែងភ្លាមៗ បន្ទាប់ពីក្មេងស្រីអាយុ ២ ឆ្នាំញ៉ាំចាហួយហើយពុលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

មជ្ឈមណ្ឌលវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងនរគលបាលខេត្តឈៀងម៉ៃ បានស៊ើបអង្កេតហេតុការណ៍នេះហើយរកឃើញថា ក្មេងស្រីរងគ្រោះដែលមានអាយុ២ឆ្នាំ ៦ខែ បានញ៉ាំចាហួយខ្លាឃ្មុំដែលហាងមួយកន្លែងនោះបានផលិតលក់រួចមក នាងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តឈៀងម៉ៃភ្លាមៗ ។

តាមការពិនិត្យប៉ូលិសរកឃើញថា ម្ចាស់ហាងមានលាយសារធាតុកញ្ឆាក្នុងអាហារដាក់ឱ្យក្មេងញ៉ាំដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ។ យ៉ាងណាមិញ ម្ចាស់ហាងអាហារមួយកន្លែងនោះ បានដំណើរការលក់អាហាររបស់ខ្លួនដល់ទៅ ២ សាខាដែលគ្មានស្តង់ដារចំណីអាហារ និងលួចប្រើប្រាស់សារធាតុកញ្ឆាដាក់ចូលទៅក្នុងអាហារដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពក្មេងៗ។

នៅប្រទេសថៃទោសពិន័យចំពោះអាហារដែលមានផ្ទុកសារធាតុកញ្ឆា ប្រើប្រាស់ដោយគ្មានការស្នើសុំការអនុញ្ញាត និងមិនបង្ហាញស្លាកសញ្ញានោះ គឺរងការផាកពិន័យមិនលើសពី ៣0,000 បាត និងដាក់ពន្ធនាគារមិនលើសពី ២ ទៅ ៣ ឆ្នាំ៕

Share.