យោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ Thaiger បានឱ្យដឹងនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះថា ស្រ្តីម្នាក់ឈ្មោះ Natthasinee ដែលជាអតីតអ្នករាយការណ៍ព័ត៌មាន និងជាទីប្រឹក្សានៃអនុគណៈកម្មាធិការព្រឹទ្ធសភា បានចោទប្រកាន់សមាជិកព្រឹទ្ធសភាម្នាក់ថា បានបៀតបៀនផ្លូវភេទលើរូបនាងនៅឯខុនដូមួយកន្លែងនៅក្នុងតំបន់ Bang Sue ក្រុងបាងកក ក្រោយអ្នកទាំង២ បានញុំាអាហារពេលល្ងាចជាមួយគ្នាកាលពីខែកក្កដា កន្លងទៅ។

ស្រ្តីខាងលើបានបន្ដថា នាងបានប្រាប់រឿងរ៉ាវលម្អិតទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋសភាថៃ នាថ្ងៃអង្គារ ហើយបានអះអាងថា រូបនាងធ្វើដំណើរទៅកាន់រដ្ឋសភាដើម្បីដាក់ពាក្យបណ្ដឹងខាងក្រមសីលធម៌ប្រឆាំងនឹងសមាជិកព្រឹទ្ធសភារូបនោះរួចហើយ ប៉ុន្ដែមិនទាន់បានបង្ហើបឈ្មោះរបស់សមាជិកព្រឹទ្ធសភាដែលរងការចោទប្រកាន់នៅឡើយទេ។

កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ ស្ត្រីឈ្មោះ Natthasinee បានផ្ញើសារជូនពរខួបកំណើតទៅកាន់សមាជិកព្រឹទ្ធសភារូបនោះតាមកម្មវិធី Line ហើយបានទទួលការឆ្លើយតបមកវិញតាមរយៈការអញ្ជើញរូបនាងចេញក្រៅហូបអាហារជាមួយគ្នា។ គ្រានោះ រូបនាងក៏ព្រមទទួលយកការអញ្ជើញនោះ ហើយសមាជិកព្រឹទ្ធសភានោះបានមកទទួលនាងដល់ផ្ទះ។

ក្រោយពីញុំាអាហាររួច នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ សមាជិកព្រឹទ្ធសភាដដែលបានសុំឱ្យរូបនាងចាប់ផ្ដើមទំនាក់ទំនងជាមួយគ្នា។ ប៉ុន្តែរូបនាងបានបដិសេធ ដោយនិយាយថា ចង់រាប់អានគ្នាត្រឹមតែជាមិត្តប៉ុណ្ណោះ។ ក្រោយមក បុរសជាសមាជិកព្រឹទ្ធសភាបានសន្ទុះចាប់ដៃរូបនាង ហើយនាងបានព្យាយាមចុះពីរថយន្ដ តែសមាជិកព្រឹទ្ធសភារូបនេះបានចាប់ដៃនាងជាប់ ព្រមទាំងព្យាយាមនាំនាងទៅកានខុនដូររបស់ខ្លួន។ នៅតាមផ្លូវ Natthasinee បានព្យាយាមចេញពីរថយន្ដ បុរសរូបនេះបានចាប់ដៃ នាងជាប់ និងចាក់សោរទ្វាររថយន្ដទៀតផង។

យ៉ាងណាម៉ិញ ចាប់តាំងពីនាងបានដាក់ពាក្យបណ្ដឹងរួចហើយ សមា​ជិកព្រឹទ្ធសភា​រូប​នេះ​ បាន​ទាក់​ទង​ទៅ​នាង​ ហើយ​ព្យាយាមចង់​ចរចា​រក​ដំណោះស្រាយ​លក្ខណៈឯកជន។ តែត្រូវបាននាង​បាន​បដិសេធ​សំណើ​នេះ ហើយ​បាន​តាំងចិត្តបន្ត​ចាត់​វិធានការ​ផ្លូវ​ច្បាប់​។ នាង​បាន​បន្ថែម​ថា នាង​បាន​រង​ការ​ប៉ះទង្គិចផ្លូវចិត្ត ​បន្ទាប់​ពី​កើតមានឧបទ្ទវហេតុ​នោះ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ មាន​ជំងឺ​ស្ត្រេស​ក្រោយ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត (PTSD)។

យោងតាមរបាយការណ៍ពី ThaiRath បានរាយការណ៍​ថា សមាជិក​ព្រឹទ្ធសភា​ដែល​រងការចោទ​ប្រកាន់ជាអតីតប្រធានសមាគមប្រតិបត្តិករអាជីវកម្មនៅខេត្តភាគ​ខាងកើតប្រទេសថៃ ហើយគេរាយការណ៍​ថា បុរសខាងលើគ្រោង​នឹងធ្វើសន្និសីទកាសែតនៅថ្ងៃនេះ ដើម្បីដោះស្រាយការចោទប្រកាន់ទាំងអស់នេះ៕

ប្រភព៖ Thaiger

Share.