ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដី​សម្រាប់​ការប្រកួតពានរង្វាន់ក្លឹបក្នុងតំបន់អាស៊ាន ASEAN CLUB CHAMPIONSHIP SHOPEE CUP 2025/26 វគ្គសន្សំពិន្ទុក្នុងពូល ។

សម្រាប់រដូវកាលឆ្នាំ២០២៥-២៦ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង គឺស្ថិតនៅក្នុងពូល B ជាមួយ​ក្រុម Bangkok United FC ថៃ, Johor Darul Ta’zim FC ម៉ាឡេស៊ី, Nam Dinh FC វៀតណាម, Lion City Sailors FC សិង្ហបុរី និងរវាងក្រុមឈ្នះ Kasuka Fcរបស់ប៊្រុយណេ ឬ Cebu F.C របស់ហ្វីលីពីន ។

នេះជាកម្មវិធីប្រកួតរបស់ក្រុមព្រះខ័នរាជស្វាយរៀង៖

  • ប្រកួតទី១ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ រវាងក្រុមឈ្នះ Kasuka Fcរបស់ប៊្រុយណេ ឬ Cebu F.C របស់ហ្វីលីពីន ប៉ះ ព្រះខ័នរាជស្វាយរៀង
  • ប្រកួតទី២ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ Nam Dinh FC វៀតណាម ប៉ះ ព្រះខ័នរាជស្វាយរៀង នៅ​កីឡដ្ឋាន Thien Truong Stadium
  • ប្រកួតទី៣ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង ប៉ះ Johor Darul Ta’zim FC ម៉ាឡេស៊ី នៅ​កីឡដ្ឋាន Morodok Techo National Stadium
  • ប្រកួតទី៤ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ព្រះខ័នរាជស្វាយរៀង ប៉ះ Bangkok United FC ថៃ នៅ​កីឡដ្ឋាន Morodok Techo National Stadium
  • ប្រកួតទី៥ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ Lion City Sailors FC សិង្ហបុរី ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Bishan Stadium

សម្រាប់រូបមន្តប្រកួតគឺក្រុមដែលស្ថិតនៅវគ្គ Playoff ចំនួន៤ក្រុមមានដូចជា ក្រុមKASUKA FC របស់​ប៊្រុយណេ, DH CEBU FC របស់ហ្វីលីពីន, EZRA FC របស់ឡាវ និង SHAN UNITED FC របស់​មីយ៉ាន់ម៉ា ត្រូវ​ប្រកួតគ្នាចំនួន២ជើង Home/Away ដើម្បីដណ្តើម​កៅអី​ឡើងមកកាន់ពូលធំរួមជា​មួយ​ក្រុម​ខ្លាំង ក្នុង​នោះ​មាន​២ក្រុមត្រូវឡើងមកកាន់ពូល A និង B ។

ចំណែកឯរូបមន្តប្រកួតនៅក្នុងពូលវិញគឺ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹង​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹង​ឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ។

សូមជម្រាបថា ក្លឹបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លឹបកំពូលអាស៊ាន ASEAN Club Championship Shopee Cup 2024/25 ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់​២ ដោយ​បាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន នេះ​ធ្លាប់​រៀបចំ​ឡើង​២​លើក​មក ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ៕

Share.