កណ្តាល៖ នៅរសៀលថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមិថុនា និងបង្កើតទិសដៅការងារសម្រាប់ខែកក្កដា។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង អាជ្ញាធរគ្រប់ក្រុង-ស្រុក មន្ទីររដ្ឋាភិបាល និងកម្លាំងសមត្ថកិច្ចជាច្រើន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលត្រឡប់មកពីក្រៅប្រទេស ដោយផ្តោតលើការជួយស្វែងរកការងារសមរម្យឱ្យពួកគាត់តាមបណ្ដារោងចក្រ និងសហគ្រាស ដើម្បីជួយលើកសេដ្ឋកិច្ចជាតិ។
បន្ថែមលើនេះ អភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរពាក់ព័ន្ធពិនិត្យ និងដោះស្រាយសំណើរសំណូមពរពីប្រជាពលរដ្ឋក្នុងវេទិកាពិគ្រោះយោបល់ប្រចាំឆ្នាំ ឱ្យបានរហ័ស ទាំងនេះក្នុងបំណងរៀបចំវេទិកាថ្មីនៅខែវិច្ឆិកា ខាងមុខ។
អភិបាលខេត្តក៏បានជំរុញឱ្យគ្រឹះស្ថានអប់រំ និងមណ្ឌលសុខភាពទាំងអស់ចូលរួមប្រកួតប្រជែងជាអង្គភាពផ្តល់សេវាគំរូឆ្នាំ២០២៥ និងផ្តល់អត្តសញ្ញាណប័ណ្ណឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុ ឬមានសុពលភាពផុតកំណត់ឱ្យទាន់ពេលវេលា ដោយសហការជិតស្និទ្ធជាមួយកម្លាំងសមត្ថកិច្ច។
នៅក្នុងឱកាសដដែល ឯកឧត្តមក៏បានលើកទឹកចិត្តអភិបាលរងដែលទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី ត្រូវបន្តដោះស្រាយសំណុំរឿងឱ្យបានច្បាស់លាស់ និងប្រមូលឯកសារជាប្រព័ន្ធ ដើម្បីបញ្ចប់បញ្ហាដែលនៅសេសសល់៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល
