ពោធិ៍សាត់៖ គម្រោងសំណង់ទំនប់ស្ទាក់ទឹកជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតនៅលើទឹកដីខេត្តពោធិ៍សាត់ស្តុកទឹកបាន៨០០ លានម៉ែត្រគូបមានវិសាលភាពផ្គត់ផ្គង់គ្របដណ្ដប់លើផ្ទៃដីកសិកម្មរាប់ម៉ឺនហិចតាសម្រេចបាន 30% ហើយ តាមផែនការគ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៧ខាងមុខ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមខូយយរីដា អភិបាលខេត្តពោធិ៍សាត់ក្នុងពេលដឹកនាំស្ថាប័នអង្គភាពមន្ទីរពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពនៅទីតាំងអនុវត្តគម្រោង ថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២៥ម្សិលមិញនេះ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថាគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹកដែលមានតម្លៃមហាសាលជាប្រវត្តិសាស្ត្រខាងលើនេះគឺកើតចេញពីការយកចិត្តទុកដាក់គិតគូរដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតផ្ដល់ជួនខេត្តពោធិ៍សាត់ សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់មិនអាចខ្វះបាន បងប្អូនប្រជាពលរដ្ឋប្រើប្រាស់សព្វបែបយ៉ាងក្នុងជីវភាពប្រចាំថ្ងៃ មិនជួបកាលលំបាកខ្វះខាតទឹកស្រោចស្រពលើដំណាំកសិកម្មផ្សេងៗជាពិសេសដំណាំស្រូវដែលជាដង្ហើមរស់ចំពោះបងប្អូនប្រជាពលរដ្ឋប្រមាណជា ៨០%ពឹងផ្អែកលើមុខរបរវិស័យកសិកម្ម។ លើសពីនេះទៀតជួយលើកកម្ពស់វិស័យទេសចរណ៍ ជួយទប់ស្កាត់បញ្ហាប្រឈមដោយគ្រោះទឹកជំនន់ដែលកើតឡើងជារៀងរាល់ឆ្នាំមិនឱ្យរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការលិចលង់ប៉ះពាល់ខូចខាត ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធរូបមន្តនានា ផលដំណាំកសិកម្ម នៅប៉េកខាងក្រោមបានមួយកំរិតថែមទៀតផង។


ឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា គម្រោងទំនប់អាងស្តុកទឹកស្ទឹងពោធិ៍សាត់២ថ្មីនេះមានទំនប់ស្ពានខាងលើកម្ពស់ ៦០ ម៉ែត្រ ទំនប់បង្ហៀរកម្ពស់ ៤០ ម៉ែត្រនិងបណ្ដោយប្រវែង410 ម៉ែត្រ ស្តុកបរិមាណទឹកបាន៨០០ លានម៉ែត្រគូបដែលគ្រោងនឹងបញ្ចប់រួចរាល់ក្នុងអំឡុងឆ្នាំ ២០២៧ ខាងមុខនេះបូកផ្សំជាមួយនឹងទំនប់ទី៣និងទី ៥ ដែលមានកន្លងមកផងនោះគឺមានទឹកស្តុកសរុប៨៦០លានម៉ែត្រគូប សម្រាប់រដូវប្រាំង មិនត្រឹមតែអាចជួយបំពេញតម្រូវការប្រើប្រាស់ឬស្រោចស្រពគ្របដណ្ដប់ផ្គត់ផ្គង់ប្រើប្រាស់ក្នុងខេត្តពោធិ៍សាត់តែប៉ុណ្ណោះទេថែមទាំងមានវិសាលភាពអាចផ្គត់ផ្គង់រហូតដល់ស្រុករុក្ខគិរីនិងស្រុកមោងឬស្សីខេត្តបាត់ដំបងថែមទៀតផង។ ដូច្នេះនៅពេលគម្រោងថ្មីនេះបញ្ចប់រួចរាល់ជាស្ថាពរនោះបងប្អូនប្រជាពលរដ្ឋមិនខ្វះខាតទឹកប្រើប្រាស់ស្រោចស្រាប់ដូចមុនទៀតឡើយពោលគឺអាចពង្រីកផ្ទៃដីដាំដុះផ្សេងៗជាពិសេសដំណាំស្រូវក្នុងរដូវប្រាំងពី២ទៅ ៣ដងតម្រូវតាមចិត្តផងដែរ។ដែលពីមុនយើងមានទឹកក្នុងអាងស្តុកទំនប់ទី ៣ និងទំនប់ទី ៥ ត្រឹមតែ៦០ លានម៉ែត្រគូបដែលជួយអន្តរាគមន៍ផ្គត់ផ្គង់ទឹកគ្របដណ្ដប់លើផ្ទៃដីដំណាំស្រូវត្រឹមតែ២៥០០០ ហិកតា ប៉ុន្តែបងប្អូនធ្វើលើសផែនការរហូតដល់៥ម៉ឺនហិកតាឯណោះនោះ ទាំអនេះហើយជាបញ្ហាប្រឈម។


ឯកឧត្តមខូយរីដាបានសាទរក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូលមានមោទនភាពយ៉ាងក្រៃលែងដោយជឿជាក់ថាតាមរយៈសមិទ្ធផលថ្មីនេះក៏ដូចជាសមិទ្ធផលតូចធំៗនានាច្រើនរីកដូចផ្សិតដែលមានកន្លងមកហ្នឹងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចជាតិយើងមិនអាចប្រកែកបាន។
សូមបញ្ជាក់ផងដែរថាទំនប់អាងស្តុកទឹកស្ទឹងពោធិ៍សាត់២ ថ្មីនេះស្ថិតក្នុងភូមិសាស្ត្រភូមិវិលវង្ស ឃុំរកាត ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់មានចម្ងាយពីទីរួមខេត្តពោធិ៍សាត់ប្រវែង ជាង ៥៦ គីឡូម៉ែតមកដល់ពេលនេះអនុវត្តគម្រោងសម្រេចបាន ៣០% ហើយ៕

អត្ថបទ៖​ពោធិ៍សាត់

Share.