ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានឱ្យដឹងថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញពីតំបន់ត្រីកោណមាស។

នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលចុងខែឧសភា ឆ្នាំ២០២៥ UNODC បាននិយាយថា គ្រឿងញៀនប្រភេទ methamphetamine ២៣៦តោនត្រូវបានរឹបអូសកាលពី ឆ្នាំ២០២៤ នៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ពោលគឺចំនួនកើនឡើង២៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ បើតាម UNODC ថៃ បានក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានរឹបអូសគ្រឿងញៀន methamphetamine ជាង ១០០តោនកាលពីឆ្នាំ២០២៤។


សូមជម្រាបថា តំបន់ត្រីកោណមាសគឺជាកន្លែងផលិតអាភៀន និងហេរូអ៉ីនដ៏ធំបំផុត ហើយការកើនឡើងការផលិត និងជួញដូរគ្រឿងញៀន ដោយសារតែតំបន់នេះស្ថិតនៅដាច់ស្រយាល និងមានការអនុវត្តច្បាប់ធូររលុង នេះបើតាមរបាយការណ៍របស់ UNODC៕
ប្រភព៖ Aljazeera, U.S Department of Justice, UN

