អន្តរជាតិ ៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Khaosod នាពេលថ្មីៗនេះឱ្យដឹងថា គ្រឿងញៀនប្រភេទមេតំហ្វេតាមីនជិត ៣ លានគ្រាប់ត្រូវបានចាប់ និងឃាត់បាននៅម្ដុំផ្លូវសង្កាត់ រ៉ាមខាំផែង ១១២ ខណ្ឌសាផានស៊ុង ទីក្រុងបាងកក។

ប្រតិបត្តិការខាងលើចាប់ឃាត់ខ្លួនបានបុរសម្នាក់ឈ្មោះ សាំរ៉ឹក មានវ័យ ៣៦ ឆ្នាំ បើករថយន្តម៉ាក Mitsubishi Pajero ពណ៌ខ្មៅដឹកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជិត ៣ លានគ្រាប់លាក់ទុកក្នុងការ៉ុងដើម្បី​យក​មក​ចែកចាយ​លក់បន្តឱ្យអតិថិជននៅទីក្រុង។ ហេតុការណ៍មួយនេះ ប៉ូលិសក្រុងបានទទួលដំណឹងមកថា នឹងមានសកម្មភាពដឹកគ្រឿងញៀននៅម្ដុំផ្លូវសង្កាត់ រ៉ាមខាំផែង ១១២ ខណ្ឌសាផានស៊ុង ទីក្រុងបាងកកនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៥។ វត្ថុតាងប្រមូលបានរួមមាន រថយន្តម៉ាក Mitsubishi Pajero ពណ៌ខ្មៅ ទូរស័ព្ទដៃ​១​គ្រឿង និងថ្នាំមេតំហ្វេតាមីន​២.៧៥០.០០០​ គ្រាប់ ។

ភ្ជាប់ជាមួយបញ្ហាគ្រឿងនៅក្នុងប្រទេសថៃ ដោយឡែកថ្មីៗនេះដែរ ស្ថាប័ន UN ក៏បានបញ្ចេញឯកសារបញ្ជាក់ថា ថៃជាចំណុចគោលដៅដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនពីប្រទេសនៅតំបន់ត្រីកោណមាស។ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានឱ្យដឹងថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញពីតំបន់ត្រីកោណមាស។

នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលចុងខែឧសភា ឆ្នាំ២០២៥ UNODC បាននិយាយថា គ្រឿងញៀនប្រភេទ methamphetamine ២៣៦តោនត្រូវបានរឹបអូសកាលពី ឆ្នាំ២០២៤ នៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ពោលគឺចំនួនកើនឡើង២៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ បើតាម UNODC ថៃ បានក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានរឹបអូសគ្រឿងញៀនមេតំហ្វេនតាមីនជាង ១០០ តោនកាលពីឆ្នាំ២០២៤៕

Share.