រឿងរ៉ាវដ៏គួរឱ្យតក់ស្លុតនេះបានកើតឡើង នៅប្រទេសចិន ដោយរបាយការណ៍បង្ហាញថា បុរសជនជាតិចិនជាង ១,៦០០ នាក់ ដែលមានទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងគ្រូបង្វឹកកាយសម្បទា (គ្រូបង្ហាត់ប្រាណ) ត្រូវបានបុរសម្នាក់ក្លែងខ្លួនជាស្ត្រីបោកបញ្ឆោតឱ្យស្រឡាញ់ ហើយលួចថតទុកវីដេអូ។

បច្ចុប្បន្ន បណ្តាញសង្គមចិនកំពុងឡើងកំដៅខ្លាំងជាមួយរឿងអាស្រូវរបស់ “បងស្រីហុង” ដែលជាបុរសជនជាតិចិនឈ្មោះ “ជៀវ” តែបានក្លែងខ្លួនជាស្ត្រី ប្រើស្នេហាដើម្បីបោកបញ្ឆោត និងលួងលោមបុរសចំនួន ១,៦៩១ នាក់។សំណុំរឿងនេះត្រូវបានចាត់ទុកជាករណីបោកបញ្ឆោតតាមអ៊ីនធឺណិតដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របណ្តាញសង្គមចិន។
សំណុំរឿងនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលអត្តសញ្ញាណរបស់ជនរងគ្រោះជាច្រើន រួមទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងគ្រូបង្វឹកកាយសម្បទាល្បីឈ្មោះ ត្រូវបានបញ្ចេញជាសាធារណៈ។ រឿងរ៉ាវបានចាប់ផ្តើមនៅពេល ជៀវ បុរសជនជាតិចិនអាយុ ៣៨ ឆ្នាំ បានបោកបញ្ឆោតជនរងគ្រោះដោយប្រើប្រវត្តិរូបក្លែងក្លាយនៅលើវេទិកាស្វែងរកគូស្នេហ៍ ដោយអះអាងថាជាស្ត្រីលែងលះដែលកំពុងស្វែងរកទំនាក់ទំនងស្មោះត្រង់។
គាត់ក្រោកពីគេងនៅម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីតុបតែងមុខ ពាក់សក់ក្លែងក្លាយ បំពេញស៊ីលីកូនបន្ថែមសុដន់ និងសូម្បីតែហាត់សំឡេងឱ្យស្តាប់ទៅដូចស្ត្រី ដោយមិនប្រើកម្មវិធីកែសំឡេង។ វីដេអូដ៏ពេញនិយមបានបង្ហាញឱ្យឃើញ “បងស្រីហុង” ស្លៀកសម្លៀកបំពាក់ស្ត្រី និយាយសំឡេងទន់ភ្លន់ និងមានចិត្តល្អ។ អត្តចរិតនេះធ្លាប់ធ្វើឱ្យអ្នកជិតខាងយល់ច្រឡំថា ជៀវ ជាស្ត្រីដែលមានចិត្តសប្បុរស។ “គាត់ធ្លាប់ចែកផ្លែឈើឱ្យយើង” អ្នកជិតខាងម្នាក់បាននិយាយ។
រឿងរ៉ាវនេះត្រូវបានបញ្ចេញជាសាធារណៈ នៅពេលវីដេអូ និងរូបថតដែលអះអាងថាត្រូវបានលួចថតដោយសម្ងាត់បែកធ្លាយ និងត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិត ហើយបង្កការភ្ញាក់ផ្អើលដល់អ្នកមើល ព្រោះចំណាំបាននិងស្គាល់មុខមាត់ដែលធ្លាប់ស្គាល់។ មនុស្សជាច្រើនអះអាងថាបានឃើញមិត្តប្រុស មិត្តរួមការងារ ឬសូម្បីតែសាច់ញាតិរបស់ពួកគេនៅក្នុងវីដេអូនោះ ដែលបង្កឱ្យមានការមិនជឿ និងអាម៉ាស់ទូទាំងប្រទេស។

“ខ្ញុំបានឃើញគ្រូបង្វឹកកាយសម្បទារបស់ខ្ញុំនៅក្នុងវីដេអូមួយ ប៉ុន្តែខ្ញុំមិនអាចនិយាយអ្វីបានទេ ព្រោះវាឆ្គងពេក” អ្នកប្រើបណ្តាញសង្គមម្នាក់បានអត្ថាធិប្បាយ។ ម្នាក់ទៀតបានសរសេរថា “នោះជាមិត្តរួមការងារបស់ខ្ញុំ… ខ្ញុំប្រាកដថាជាគាត់”។
របាយការណ៍បញ្ជាក់ថា ជនរងគ្រោះមានទាំងនិស្សិត បុគ្គលិកការិយាល័យ បុរសសង្ហា និងមានរូបរាងល្អជាច្រើននាក់ រួមទាំងអ្នកដែលមានអ្នកតាមច្រើននៅលើវេទិកាបណ្តាញសង្គមចិនផងដែរ។ ឃ្លាដូចជា “បុរសសង្ហានៅក្នុងរឿងអាស្រូវបងស្រីហុង” និង “គ្រូបង្វឹកកាយសម្បទា និងបងស្រីហុង” កំពុងជាប្រធានបទពេញនិយមនៅក្នុងការស្វែងរកលើបណ្តាញសង្គមចិន។
ក្នុងចំណោមអ្នកដែលត្រូវបានបញ្ចេញអត្តសញ្ញាណ មានគ្រូបង្វឹកកាយសម្បទាម្នាក់ឈ្មោះ “ភី” ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលអ្នកប្រើបណ្តាញសង្គមសង្កេតឃើញថាគាត់បានពាក់ស្បែកជើងពិសេសដូចគ្នានឹងស្បែកជើងដែលឃើញនៅក្នុងវីដេអូ ដែលជាស្បែកជើងរបស់បុរសដែលបានទៅលេងបន្ទប់របស់ “បងស្រីហុង”។
តាមរបាយការណ៍បញ្ជាក់ថា ការទៅលេងនេះបានកើតឡើងនៅក្នុងបន្ទប់ជួលតូចមួយនៅទីក្រុងណានជីង ដែលជឿថាជាកន្លែងដែលវីដេអូជាច្រើន ដែលមានរយៈពេល ៥ ទៅ ១០ នាទី ត្រូវបានថតជាសម្ងាត់។ យោងតាមរបាយការណ៍ “បងស្រីហុង” បានបន្ថែមច្បាប់ចម្លែកៗនៅក្នុង “ផ្ទះ” ដោយតម្រូវឱ្យភ្ញៀវនីមួយៗដែលមកលេងត្រូវនាំយកអំណោយ ដូចជាផ្លែឈើ ទឹកដោះគោ ឬរបស់ប្រើប្រាស់ក្នុងផ្ទះ។

មានរបាយការណ៍ថា បុរសជនជាតិបរទេសម្នាក់ត្រូវបានបដិសេធមិនឱ្យចូលផ្ទះ ព្រោះមកដោយដៃទទេ។ វីដេអូទាំងនេះបង្ហាញយ៉ាងច្បាស់នូវមុខ និងរូបរាងរបស់បុរសៗដែលពាក់ព័ន្ធ ដោយវាបានបង្កការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរអំពីការរំលោភឯកជនភាព និងផលវិបាកផ្លូវច្បាប់សម្រាប់អ្នកដែលចែករំលែកខ្លឹមសារនេះ។
រឿងអាស្រូវនេះបានបង្កឱ្យ មានការពិភាក្សាច្រើននៅក្នុងសង្គម ព្រោះមិនចាត់ទុករឿងនេះថាជាការបោកបញ្ឆោតធម្មតា។ មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបុរសជោគជ័យ និងសង្ហាជាច្រើននាក់បានធ្លាក់ក្នុងអន្ទាក់នៃផែនការនេះ? អ្នកចិត្តសាស្ត្រចិនម្នាក់បាននិយាយថា ការចង់ដឹងចង់ឃើញ បំណងប្រាថ្នាដែលហាមឃាត់ និងការគ្រប់គ្រងអារម្មណ៍ អាចជាកត្តាពន្យល់ពីភាពងាយរងគ្រោះរបស់ពួកគេ។
ទោះបីបុរសខ្លះដឹងថា “បងស្រីហុង” មិនមែនជាស្ត្រីពិតក៏ដោយ។ ទោះបីរឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន អាជ្ញាធរ និងបណ្តាញសារព័ត៌មានបានព្រមានថា “ការចែកចាយ ឬបង្ហោះវីដេអូឯកជនទាំងនេះឡើងវិញមិនត្រឹមតែរំលោភឯកជនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខុសច្បាប់។ អាកប្បកិរិយាអាសអាភាស និងការថតដោយគ្មានការយល់ព្រមបែបនេះ គឺជាការរំលោភលើព្រំដែនសីលធម៌ និងច្បាប់យ៉ាងធ្ងន់ធ្ងរ”។ យ៉ាងណាមិញ នៅក្នុងព័ត៌មាន មិនមានការបញ្ជាក់ពីការចាប់ខ្លួន ឬការព្រមានផ្លូវច្បាប់ណាមួយចំពោះបុរសឈ្មោះ ជៀវ ឬបងស្រីហុងនៅឡើយទេ៕

