អ៉ីស្លាម៉ាបាដ៖ យោងតាមទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ប៉ូលិសប៉ាគីស្ថានបានចាប់ខ្លួនមនុស្ស ១៤៩នាក់ រួមទាំងជនបរទេសចំនួន ៧១នាក់ ដែលភាគច្រើនជាជនជាតិចិន នៅក្នុងការវាយឆ្មក់លើមជ្ឈមណ្ឌលឆបោកមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អំឡុងពេលវាយឆ្មក់ មជ្ឈមណ្ឌលឆបោកតាមរយៈការហៅទូរស័ព្ទ គេបានរកឃើញថាមានពាក់ព័ន្ធនឹងគម្រោង Ponzi និងការក្លែងបន្លំការវិនិយោគ តាមរយៈបណ្ដាញឆបោកនេះ ពលរដ្ឋជាច្រើនបានក្លាយជាជនរងគ្រោះខាតបង់ប្រាក់យ៉ាងច្រើន»។

ទីភ្នាក់ងារស៊ើបអង្កេតដដែលបានប្រាប់ កាសែត AFP ថា ការវាយឆ្មក់នេះ គឺនៅឯគេហដ្ឋានរបស់លោក Tasheen Awan ដែលជាអតីតប្រធានបណ្តាញអគ្គិសនីរបស់ទីក្រុងនេះ។

អ្នកដែលត្រូវ​បានចាប់ខ្លួនទាំងអស់ មានជនជាតិប៉ាគីស្ថាន ៧៨នាក់ និងជនជាតិចិន ៤៨នាក់ ព្រមទាំងមនុស្សមកពីប្រទេសនីហ្សេរីយ៉ា ហ្វីលីពីន ស្រីលង្កា បង់ក្លាដេស ហ្ស៊ីមបាវ៉េ និងមីយ៉ាន់ម៉ា ហើយក្នុងចំណោមមនុស្សសរុប ១៤៩នាក់ មាន ១៨នាក់ជាស្រ្តី៕

ប្រភព៖ CNA

Share.