លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងនៅចំពោះមុខគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៧ នាទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ២០២៥ អំពីសេចក្ដីបារម្ភចំពោះសំណង់ប្រាសាទចម្លងតាមគំរូប្រាសាទអង្គរវត្តនៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើអង្គការយូណេស្កូ ពិនិត្យសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្តពីសំណាក់ប្រទេសថៃ ដែលកំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។

ក្នុងកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក លោកជំទាវ ភឿង សកុណា បានជម្រាប​ជូន​គ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ ភាគីថៃមិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។

ការសាងសង់ នោះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ទោះបីកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។

តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ ភឿង សកុណា ស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ ពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់៕

Share.