ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រៀមប៉ះម្ចាស់ផ្ទះវិសាខា ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Visakha Pre-Season Cup ឆ្នាំ​២០២៥ ដែលការប្រកួតរបស់ក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាង​មុខ នៅ​កីឡដ្ឋាន​ព្រីនស៍ ចុះកីឡារសា ទី និងលឹម ពិសុទ្ធ អាចប៉ះគ្នាដែរគេ។

ក្រោយចែកផ្លូវជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករលឹម ពិសុទ្ធ បានចូលរួមជាមួយក្លឹបថ្មីវិសាខា ស្រប​ពេលដែល​កីឡាករ សា ទី ក៏បានសម្រេចចូលរួមជាមួយភ្នំពេញក្រោន ក្រោយចែកផ្លូវជាមួយវិសាខា ខណៈ​ក្លឹប​ទាំងពីរ​បានបានបញ្ជាក់យ៉ាងច្បាស់ក្នុងថ្ងៃតែមួយពោលគឺកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កន្លង​ទៅ។

សូមជម្រាបថា ការប្រកួតពានរង្វាន់មុនបើករដូវកាលលីគកំពូលកម្ពុជា ក្លឹបបាល់ទាត់វិសាខា បាន​បង្កើត​ពាន​រង្វាន់ថ្មីមួយមានឈ្មោះថា Visakha Pre-Season Cup ឆ្នាំ២០២៥ ដោយបាន​អញ្ចើញក្រុមចំនួន៣ ដែល​ជា​សមាជិក​លីគកំពូលកម្ពុជា ភ្នំពេញក្រោន កងយោពលខេមរភូមិន្ទ និងអាយអេសអាយ ដង្កោសែនជ័យ ។

ការប្រកួតបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយក្រុមម្ចាស់ផ្ទះវិសាខា​កក់កៅអីឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ​មុខ​គេ ក្រោយឈ្នះលើក្រុមកងយោពលខេមរភូមិន្ទ ដោយបាល់កាត់ក្តី១១ម៉ែត្រ ៨-៧ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

ចំណែកក្រុមភ្នំពេញក្រោន ទើបទទួលជ័យជម្នះលើក្រុមអាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ៤-១ នឹងត្រៀមប៉ះក្រុមម្ចាស់ផ្ទះវិសាខា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខដើម្បីដណ្តើមពាន ខណៈ​ក្រុម​កងយោពលខេមរភូមិន្ទ ត្រូវប៉ះក្រុមអាយអេសអាយ ដង្កោសែនជ័យ វគ្គដណ្តើមយកលេខ៣ នៅថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២៥ ខណៈការប្រកួតទាំងអស់ធ្វើឡើងនៅកីឡដ្ឋានព្រីនស៍៕

Share.