ប៉េកាំង៖ ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិន បានជំរុញកម្ពុជា និងថៃ ដោះស្រាយជម្លោះព្រំដែនរបស់ពួកគេតាមរយៈការសន្ទនាដោយមិត្តភាព ហើយចិនផ្តល់តួនាទីជួយដោះស្រាយប្រកបដោយការស្ថាបនា និង រក្សាគោលជំហរ «គោរពតាមគោលការណ៍ និងយុត្តិធម៌»។ នេះ​បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសលោក Wang Yi បានជំរុញឱ្យមានការរួមរស់ដោយសន្តិភាពរវាងប្រទេសជិតខាង អំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី។

លោក Wang បាននិយាយថា «ប្រទេសចិន មានឆន្ទៈក្នុងការរក្សានូវគោលជំហរដែលគោរពតតាមគោលការណ៍ និងយុត្តិធម៌ ហើយដើរតួនាទីប្រកបដោយស្ថាបនាដើម្បីឱ្យប្រទេសថៃ និងកម្ពុជារួមរស់ដោយភាពសុខដុមរមនា»។

នៅក្នុងរបាយការណ៍សង្ខេបដាច់ដោយឡែកមួយ នាថ្ងៃដដែលនោះ ក្រសួងការបរទេសចិន បានឱ្យដឹងថា លោក Wang បានរំលឹកឡើងវិញអំពីភាពមិនលំអៀងរបស់ប្រទេសចិន លើបញ្ហាព្រំដែននៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ដូចគ្នា។

លោក Wang បានសង្កត់ធ្ងន់លើវិធានការសន្តិសុខ ដើម្បីការពារជនជាតិចិន និងកម្ពុជា ដោយអំពាវនាវឱ្យមានវិធានការដ៏តឹងរ៉ឹងជាងមុន ដើម្បីលុបបំបាត់ឱ្យអស់ នូវដុំសាច់» នៃឧក្រិដ្ឋកម្មឆ្លងដែនដូចជា៖ ល្បែងស៊ីសងតាមប្រព័ន្ធអ៉ីនធឺណិត ការឆបោកតាមអ៉ីនធឺណិត ការក្លែងបន្លំ និងការរត់ពន្ធខុសច្បាប់។

គួរបញ្ជាក់ថា ភាពតានតឹងរវាងកម្ពុជា-ថៃ បានកើនឡើងចាប់តាំងពីចុងខែឧសភា កន្លងទៅ បន្ទាប់ពីទាហានកម្ពុជាម្នាក់ត្រូវបានទាហានថៃបាញ់សម្លាប់នៅឯតំបន់ជម្លោះមួយនៅតាមព្រំដែនប្រវែង ៨២០គីឡូម៉ែត្រ (៥១០ម៉ាយ) របស់ពួកគេ។ ទាក់ទិននឹងករណីនេះ កាល​ពី​ខែ​មុន កម្ពុជា​បាន​ស្នើ​.ឱ្យតុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) ដោះស្រាយ​ជម្លោះ​នេះផងដែរ។

ប្រភព៖ Reuters

Share.