បាត់ដំបង៖ ភ្លៀងធ្លាក់បន្តបន្ទាប់គ្នាបណ្តាលឲ្យទឹកហូរខ្លាំងកាត់ផ្តាច់ស្ពានមួយកន្លែងក្នុងស្រុកសំឡូតរាំងស្ទះប្រជាពលរដ្ឋធ្វើចរាចរលែងបាន។
ប្រភពភ្ញៀវទេសចរបានបញ្ជាក់ឲ្យដឹងថា៖ ក្នុងភូមិសាស្ត្រស្រុកសំឡូតរយ:ពេលប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ខ្លាំង និងជាបន្តបន្ទាប់ជាហេតុធ្វើឲ្យទឹកហូរធ្លាក់ចូលក្នុងស្ទឹងគំហុកខ្លាំងរហូតកាត់ផ្តាច់ស្ពានចង្អូរថ្ម មួយកន្លែង ឋិតក្នុងភូមិអូរសំរិល ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុការណ៍ទឹកហូរបុកបាក់ស្ពាននេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋឆ្លងកាត់ពីត្រើយម្ខាង ទៅត្រើយម្ខាងលែងកើត ចាំបាច់ត្រូវរកមធ្យោបាយផ្សេង។



លោក សើ សាម៉េត អភិបាលស្រុកសំឡូតបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១១ ខែកក្កដា ម្សិលមិញជំនន់ទឹកភ្លៀងតាមបណ្តាស្ទឹងមានសភាពឡើងខ្លាំង ពិសេសនៅត្រង់ចង្អូរថ្ម ល្បឿនទឹកហូរបុកខ្លាំង ប៉ុន្តែស្ថានភាពនៅថ្ងៃទី ១២ កក្កដានេះទឹកភ្លៀងបានស្រកប្រសើរឡើងវិញហើយ ដោយពេលនេះក្រុមជាងកំពុងពន្លឿនរៀបចំដាក់លូវិញដើម្បីធានាការបុកផ្តាច់។
លោក អភិបាលស្រុកបន្តថា÷ ចំពោះមុខនេះភូមិសាស្ត្រផ្លូវទឹកមួយចំនួនធំដូចជាស្ទឹងបរឡាង ទឹកបានស្រកធូរស្រាលបន្តិចហើយ នៅឡើយតែក្នុងភូមិសាស្ត្រឃុំសំឡូត ម្តុំអូរតាតឹង ទឹកភ្លៀងបានហូរមកពីផ្នែកខាងលើបណ្តាលដងស្ទឹងមានទឹកជន់ឆ្លងកាត់មិនរួច ចាំប្រជាពលរដ្ឋឆ្លងកាត់ដោយទូកជាបណ្តោះអាសន្ន៕
អត្ថបទ៖ ដំបងក្រញូង

