សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អំពាវនាវឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែ ផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។

លោក ថាក់ស៊ីន បានលើកឡើងក្នុងកិច្ចសម្ភាសលើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញ កំពុង ស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។

ការលើកឡើងរបស់លោក ថាក់ ស៊ីន គឺដូចការលើកឡើងរបស់សម្ដេចតេជោ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ដែលថា មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសម្បុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះ រីករាលដាល ហៀរចេញពីថៃចូលកម្ពុជា។

ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។

កន្លងមកនាយករដ្ឋមន្ត្រីថៃ កំពុងត្រូវបានព្យួរតំណែង គឺលោកស្រី ផែថងថាន បាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញ។ សម្ដេចតេជោថា នេះជារឿងអសីលធម៌នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង ដែលរឿងនេះ វាតម្រូវឱ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

ចំណែកលោក ថាក់ស៊ី ឪពុកលោកស្រី ផែថងថាន ថាការបិទព្រំដែនគឺជាការប្រកួតមុជទឹក នរណាមុជបានយូរជាង អ្នកនោះឈ្នះ។ ដូច្នេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ ស៊ីន។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ៕

Share.