យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីថៃ បានឱ្យដឹងថា មនុស្សរាប់រយនាក់ រួមទាំងទាហានយោធាមីយ៉ាន់ម៉ាជាង ១០០នាក់បានរត់ភៀសខ្លួនចូលក្នុងទឹកដីប្រទេសថៃ បន្ទាប់ពីក្រុមយុទ្ធជនជនជាតិភាគតិច Karen បានវាយលុកលើមូលដ្ឋានយោធានៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា កាលពីចុងសប្តាហ៍មុននេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

បើតាមកាសែតថៃ Thai Examiner បានរាយការណ៍កាលពីថ្ងៃអាទិត្យ​ ថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីកងទ័ពរំដោះជាតិការ៉ែន Karen (KNLA) បានបើកការវាយប្រហារទ្រង់ទ្រាយធំលើមូលដ្ឋានដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងរដ្ឋ Karen មានចម្ងាយត្រឹម ៥០០គីឡូម៉ែត្រ ពីខេត្ត Tak របស់ថៃ។

យោធាថៃបានបញ្ជាក់ថា ទាហានមីយ៉ាន់ម៉ាប្រហែល ១០០នាក់បានឆ្លងចូលទៅក្នុងទឹកដីថៃ ហើយជនស៊ីវិលជាង៤០០នាក់ក៏បានភៀសខ្លួនឆ្លងព្រំដែនថៃ។

ទន្ទឹមនឹងនេះ របាយការណ៍ពីខាងក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅក្នុងការវាយប្រហារតាមអាកាសដ៏សាហាវទៅលើវត្តអារាមមួយកន្លែងក្នុងតំបន់ Sagaing ដែលធ្វើឱ្យវិបត្តិមនុស្សធម៌កំពុងបន្តកាន់តែស៊ីជម្រៅ។

យ៉ាងម៉ិញ ការភៀសខ្លួនរបស់ជនស៊ីវិល និងកងទ័ពយោធាមីយ៉ាន់ម៉ា ចូលមកទឹកដីប្រទេសថៃនេះ បានធ្វើឱ្យពលរដ្ឋថៃ មានការព្រួយបារម្ភអំពីសន្ដិសុខ សុវត្ថិភាពផងដែរ ជាពិសេសការទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់ ធ្វើឱ្យពលរដ្ឋថៃ ភ័យព្រួយ និងត្រៀមខ្លួនចំពោះគ្រាអាសន្ន។ ដោយសារតែឥទ្ធិពលនៃការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ មេបញ្ជាការថៃ ក្នុងស្រុក Mae Sot បានចេញបញ្ជាឱ្យតាមដានព្រំដែន និងពិនិត្យមើលស្ថានការណ៍ឱ្យបានជាប់លាប់ ដើម្បីធានាសុវត្ថិភាពប្រជាជនថៃ ហើយនឹងជម្លៀសចេញតែម្តងក្នុងករណីចាំបាច់។

សូមជម្រាបថា ក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច ការ៉ែន ឬគេស្គាល់ថា កងទ័ពរំដោះជាតិការ៉ែន KNLA បានតស៊ូដើម្បីសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនការ៉ែនតាំងពីឆ្នាំ១៩៤៩។ ក្រុមនេះស្ថិតក្នុងចំណោមអង្គការប្រដាប់អាវុធជនជាតិភាគតិចដ៏ធំបំផុតនៅមីយ៉ាន់ម៉ានិងធ្វើសកម្មភាពជាចម្បងនៅរដ្ឋការ៉ែន ដែលជាតំបន់មានជម្លោះខ្លាំងនៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសនេះ៕

ប្រភព៖ Anadolu

Share.