ក្រុមបាល់ទះជម្រើសជាតិនារីថៃ គេផុតពីតំបន់កាត់ចេញ ទោះចាញ់កាណាដា ៣-២ ក្នុងពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 ក្រោយបញ្ចប់សប្ដាហ៍ទី៣ ស្របពេលការប្រកួតរកឃើញក្រុមខ្លាំង ៨ឡើងទៅកាន់វគ្គបន្តរួចរាល់។

ដំណើរប្រកួតរបស់ក្រុមនារីថៃ ក្នុងពានរង្វាន់ FIVB Women’s Volleyball Nations League 2025 ឆ្លងកាត់ ១២ប្រកួត ឈ្នះ ១ប្រកួត ចាញ់ ១១ប្រកួត មាន ៦ពិន្ទុ។
ក្រុមបាល់ទះនារីខ្លាំង ទាំង ៨ក្រុម ដែលឡើងមកកាន់វគ្គបន្ត ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣-២៤ កក្កដា ២០២៥៖
- ថ្ងៃទី២៣ កក្កដា ២០២៥៖ អ៊ីតាលី ប្រកួតជាមួយ អាមេរិក
- ថ្ងៃទី២៣ កក្កដា ២០២៥៖ ប៉ូឡូញ ប្រកួតជាមួយ ចិន
- ថ្ងៃទី២៤ កក្កដា ២០២៥៖ ប្រេស៊ីល ប្រកួតជាមួយ អាល្លឺម៉ង់
- ថ្ងៃទី២៤ កក្កដា ២០២៥៖ ជប៉ុន ប្រកួតជាមួយ តួកគី
ការប្រកួតពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 មាន២ដំណាក់កាលគឺ ទី១ ការប្រកួតវិលជុំសន្សំពិន្ទុដែលមាន ៣សប្តាហ៍ គិតចាប់ពីថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

ក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន៧ និងម្ចាស់ផ្ទះ ប៉ូឡូញ បានឡើងទៅដំណាក់កាលទី២ ដែលជាជុំផ្ដាច់ព្រ័ត្រ ធ្វើឡើងចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។
សូមជម្រាបថា ពានរង្វាន់បាល់ទះផ្នែកនារីកម្រិតទី១ពិភពលោក បានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨ ដោយនៅឆ្នាំដំបូងនោះគឺធ្វើឡើងនៅប្រទេសចិន នៅឆ្នាំ២០១៩ នៅរៀបចំនៅប្រទេសចិនដដែល ហើយក្រុមបាល់ទះជម្រើជាតិនារីអាមេរិក គ្រងជើងឯក២ឆ្នាំជាប់គ្នាតែម្តង។
នៅឆ្នាំ២០២០ មិនមានការរៀបចំនោះឡើយដោយសារជំងីកូវីត ១៩ នៅឆ្នាំ២០២១ ធ្វើឡើងនៅប្រទេសអ៊ីតាលី ជើងឯកបានលើក្រុមជម្រើសជាតិអាមេរិក ឆ្នាំ២០២២ ធ្វើនៅប្រទេសទួរគី ជើងឯកគឺបានលើក្រុមជម្រើសជាតិអ៊ីតាលី ។
នៅឆ្នាំ២០២៣ រៀបចំឡើងនៅសហរដ្ឋអាមេរិក ជើងឯកគឺបានលើក្រុមជម្រើសជាតិទួរគី និងចុងក្រោយឆ្នាំ២០២៤ ធ្វើនៅប្រទេសថៃ ជើងឯកបានលើក្រុមជម្រើសជាតិអ៊ីតាលី៕


