ត្បូងឃ្មុំ៖ ដើម្បីជាផ្នែកមួយនៃការអបអរសាទរ «ព្រះរាជពិធីរុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៥ អាជ្ញាធរ រួមជាមួយមន្រ្តីពាក់ព័ន្ធ បាននាំយកដើមត្នោត និងអម្ពិលចំនួន ១០,០០០ដើម យកទៅដាំនៅមុខវត្តបារាយណ៍ ភូមិបារាយណ៍ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

ពិធីដាំដើមឈើនេះ មានការអញ្ជើញដឹកនាំដោយ ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្ស និងប្រធានក្រុមជនបង្គោលយុវជនសម្រាប់ស្រុកក្រូចឆ្មារ និងស្រុកមេមត់។ ក្នុងឪកាសនោះ ឯកឧត្តមបានលើកឡើងថា៖ “រុក្ខទិវា គឺជាការផ្ដល់ឱកាសដ៏មានន័យសម្រាប់ការរួមចំណែក ក្នុងការពារបរិស្ថាន និងបង្កើនភាពសុខុមាលភាពសង្គម តាមរយៈការដាំ និងថែរក្សាដើមឈើ។
លោកបានបន្ថែមថា រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តអភិរក្សធនធានធម្មជាតិ និងខិតខំស្តារភាពបៃតង ជាសកម្មភាពយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីធានាព្រៃឈើគ្របដណ្តប់ដល់ ៦០% នៃផ្ទៃដីជាតិ។

នៅក្នុងពិធីនេះផងដែរ ឯកឧត្តម ផារ៉ា មង្គល បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញចំពោះវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យដកសញ្ជាតិខ្មែរពីអ្នកដែលធ្វើអំពើក្បត់ជាតិ ឬសហការជាមួយបរទេសដែលប៉ះពាល់ដល់សន្តិសុខជាតិ។

ពេលបញ្ចប់ពិធី លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋមានសាមគ្គី និងរួមចំណែកថែរក្សាសន្តិភាព ដោយសម្ដែងសារដ៏ជ្រាលជ្រៅមួយថា៖ “យើងរួមគ្នាដាំដើមឈើ បង្កើតម្លប់បៃតង ក្រោមម្លប់នៃសន្តិភាព យើងរួមគ្នាថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ”។
អត្ថបទ៖ អាចារ្យលាក់

