ព្រឹទ្ធសភា បានអនុម័តទាំងស្រុងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។
ការអនុម័ត បានធ្វើឡើងនៅក្នុងឱកាសសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានកូរ៉ុម ៦០រូប។
សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ឧត្តមគតិជាតិ បន្សុទ្ធមនសិការស្មារតីស្នេហាជាតិ និងរក្សាគោលជំហរស្មោះត្រង់ឥតងាកររបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសការតម្កល់ ផលប្រយោជន៍ជាតិជាធំ ស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា«ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវ តម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយ ប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ ខ្មែរឡើយ។ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារ មាតុភូមិ។ កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់»។
ទន្ទឹមនឹងនេះ សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ដើម្បី ធានានិងការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមក ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតជាមួយ បរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំនៃ ក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិ ស្របតាមស្ដង់ដារ និងនិយាមអន្តរជាតិ៕



