ប្រទេសក្នុងតំបន់អាស៊ាន មួយចំនួនមមាញឹកដោយត្រៀមចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិនានា ដែលត្រៀមរៀបចំនៅក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ក្នុងនោះដែលក៏មានក្រុមជម្រើសជាតិកម្ពុជា ផងដែរ។

នេះជាប្រទេសក្នុងតំបន់អាស៊ាន ដែលត្រៀមប្រកួតលើឆាកអន្តរជាតិនៅខែសីហា និងខែកញ្ញា ខាងមុខ៖

ទី១ ប្រទេសថៃ

សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសថៃ បង្កើតពានរង្វាន់មួយមានឈ្មោះថា King Cup 2025 ដោយអញ្ជើញក្រុមជម្រើសជាតិអ៉ីរ៉ាក់, ហុងកុង និងកោះហ្វីជី មកប្រកួតនៅអំឡុងខែកញ្ញា ឆ្នាំ២០២៥​ ខាងមុខ។

ទី២ ប្រទេសកម្ពុជា និងវៀតណាម

សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស បានរៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយ ក្នុងនោះនឹងអញ្ញើញក្រុមជម្រើសជាតិកម្ពុជា និងជម្រើសជាតិវៀតណាម ទៅចូលរួមការប្រកួត នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

ទី៣ ប្រទេសឥណ្ឌូណេស៊ី

សហព័ន្ធកីឡាបាល់ទាត់ប្រទេសឥណ្ឌូណេស៊ី ត្រៀមរៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយ ដោយត្រៀមអញ្ជើញក្រុមជម្រើសជាតិគុយវ៉ែត និងលីបង់ មកប្រកួតនៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

ទី៤ ប្រទេសម៉ាឡេស៊ី

ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងត្រៀមទៅចូលរួមការប្រកួតពានរង្វាន់មិត្តភាព CAFA Nations ឆ្នាំ២០២៥ ដែលប្រទេសអ៊ូសបេគីស្ថាន និងតាជីគីស្ថាន ជាសហម្ចាស់ផ្ទះ ដោយក្នុងនោះមានប្រទេសចំនួន៥ផ្សេងទៀតមកប្រកួតមានដូចជា៖ ក្រុមជម្រើសជាតិអ៉ីរ៉ង់, អូម៉ង់, កាហ្សាក់ស្ថាន, តួកមេនីស្ថាន និងអាហ្វហ្កានីស្ថាន ខណៈការប្រកួតនឹងធ្វើឡើងនៅខែសីហា និងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕

Share.