ឧត្តរមានជ័យ៖ ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបានធ្វើឲ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា ជាមួយក្រុមយោធាថៃ ហើយក៏មានការអន្ដរាគមន៍ពីសំណាក់ក្រុមទាហានកម្ពុជា ដែលឈរជើងការពារដែនអធិតេយ្យជាតិ នៅប្រាសាទនោះផងដែរ ដើម្បីបន្ធូរស្ថានការណ៍។
ស្ថានភាពនៅប្រាសាទតាមាន់នៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញក្រោយការជួយសម្របសម្រួលគ្នាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្នើរជើងលេខ៤២ ជាមួយនឹងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ។


អត្ថបទ៖កណ្តាល

