ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៥-២៦ ខិតជិតមកដល់ហើយ ខណៈទីផ្សារដោះដូរកីឡាករ និងគ្រូបង្វឹកនៅតាមបណ្តាលក្លឹបនានា ទាំង១១ ដែលជាសមាជិកមានការរុះរើរជាច្រើន។

សារព័ត៌មានត្រយង សូមលើកយកគ្រូបង្វឹកខ្មែរ ចំនួន ៣រូបដែលត្រៀមប្រជែងជាមួយគ្រូបង្វឹកបរទេសចំនួន៨រូបផ្សេងទៀត ៖
ទី១) គឺលោក ភា សុភក្រ្តា គ្រូបង្វឹកជនជាតិខ្មែរ របស់ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ កន្លងទៅក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅក្បែររង្វង់មូលកាំភ្លើងគូចកាណុង មួយនេះធ្លាប់បានទៅចូលរួមការប្រកួតពានរង្វាន់ មុនបើករដូវកាល Visakha Pre-Season Cup 2025 នៅកីឡដ្ឋានព្រីនស៍ ។ ជាលទ្ធផល ក្រុម កងយោធពលខេមរភូមិន្ទ ទទួលបានចំណាត់ថ្នាក់លេខ៤។

ទី២) លោក ទុំ សារ៉ាយ គ្រូបង្វឹកជនជាតិខ្មែរ របស់ក្លឹបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ។ កន្លងទៅក្លឹបបាល់ទាត់ដែលមានមូលដ្ឋានតំបន់ផ្លូវវែងស្រេង មួយនេះធ្លាប់បានទៅចូលរួមការប្រកួតពានរង្វាន់ មុនបើករដូវកាល Visakha Pre-Season Cup 2025 នៅកីឡដ្ឋានព្រីនស៍ ។ ជាលទ្ធផល ក្រុម អាយអេសអាយ ដង្កោសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ៣ ។

ទី៣) លោក ឃឹម បូរី គ្រូបង្វឹកជនជាតិខ្មែរ របស់ណាហ្គាវើលដ៍ ក្លឹបគ្រោងនឹងធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីធ្វើការហ្វឹកហាត់ និងប្រកួតមិត្តភាពកម្តៅសាច់ដុំ ត្រៀមសម្រាប់រដូវកាលថ្មី ។

សូមជម្រាបថា ក្លឹបចំនួន ៨ផ្សេងទៀតគឺប្រើប្រាស់គ្រូបង្វឹកបរទេសទាំងអស់ ខណៈថ្មីៗនេះក្លឹបបាល់ទាត់មហផ្ទៃ ដែលបានផ្លាស់ប្តូរឈ្មោះថ្មី ទៅជាក្លឹប អឹមអូអាយ កំពង់ដេវ៉ា ដែលមានមូលដ្ឋាននៅព្រះសីហនុ ក៏បានប្រកាសនាំយកគ្រូបង្វឹកថ្មីគឺលោក Alex Dorado គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ត្រៀមដឹកនាំនៅលីគកំពូលកម្ពុជា៕


