យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះថា កាលពីថ្ងៃអង្គារ នេះ មេបញ្ជាការយោធភូមិភាគទី២ ថៃ បាននិយាយថា លោកបានត្រៀមលក្ខណៈរួចរាល់ ដើម្បីបន្ដការហ៊ុមព័ទ្ធប្រាសាទតាមាន់ធំ ដោយរង់ចាំតែការបញ្ជាពីរដ្ឋាភិបាល និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថៃ ប៉ុណ្ណោះ។

មេទ័ពភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បានឱ្យដឹងថា ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែមានស្ថិរភាពធម្មតា ដោយភាគីសងខាងមានទំនាក់ទំនងថ្នាក់មូលដ្ឋាននៅមានជាប្រក្រតី។

ទោះបីជាយ៉ាងណា ការបង្ហាញបំណងសង់របងនេះ មេទ័ពភូមិភាគ២ ថៃ រូបនេះ បានផ្អែកលើផែនទីខ្នាត ១:៥០ ០០០ ជាឯកសារយោង។

យ៉ាងណាម៉ិញ បំណងសងរបងព័ទ្ធប្រាសាទតាមាន់ធំនេះ គឺជាការឈ្លានពានចង់លេបយកទឹកដីរបស់កម្ពុជា ដែលប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវផែនទីខ្នាត ១:២០០ ០០០ ដែលទទួលស្គាល់ជាអន្តរជាតិ និងមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។

ទាក់ទិននឹងបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃចន្ទ នេះថា ប្រសិនបើហ៊ានសង់របងព័ទ្ធប្រាសាទមែននោះ អាចធ្វើឱ្យមានជម្លោះកាន់តែខ្លាំងឡើង។ សម្ដេចតេជោ បានថ្លែងបន្ដថា កម្ពុជា ត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមមួយដែលថៃជាអ្នករុញច្រាន៕

ប្រភព៖ Bangkok post

Share.