បន្ទាយមានជ័យ៖ ជនជាតិថៃចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បាន និងបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ ក្រោយពេលពួកគេបានលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់កាលពីម៉ោង ៧:០៥ នាទី យប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ ត្រង់ចំណុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

ជនជាតិថៃទាំងនោះបានឆ្លងទឹកអូតាមបន្ទាត់ព្រំដែន ដើម្បីស្វែងរកការងារធ្វើក្នុងកម្ពុជា បន្ទាប់ពីជួបវិបត្តិសេដ្ឋកិច្ច និងខ្វះការងារធ្វើក្នុងប្រទេសរបស់ខ្លួន ដោយសារការបិទច្រកព្រំដែនជាមួយកម្ពុជា និងការរិតបន្តឹងខ្ពស់ពីយោធាថៃ ដែលធ្វើឱ្យប្រជាជនថៃ ប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វេី ទើបបង្ខំចិត្តឱ្យពួកគេលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ក្រោយពីមានការឃាត់ខ្លួនជនជាតិថៃទាំង06នាក់នេះ កងកម្លាំងនៅឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខាងលើ បានធ្វើការបណ្ដេញជនជាតិថៃទាំងនោះឱ្យវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

តាមការសួរនាំជនជាតិថៃទាំងនោះបានឆ្លើយប្រាប់ថា ពួកខ្លួនលួចឆ្លងដែនមកកម្ពុជាព្រោះចង់មកធ្វើការ ដោយសាររងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជា ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វើ ទើបបង្ខំចិត្តនាំគ្នាលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ទោះបីជាយោធារបស់ប្រទេសខ្លួន មានការរិតបន្តឹងតាមព្រំដែនក៏ដោយ ក៏ពួកគេ នៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារធ្វើ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.