មន្ត្រីរដ្ឋបាល និងក្រុមសង្គ្រោះនៅស្រុកង៉ោ (Ngao) ខេត្តឡាំប៉ាង (Lampang) នាថ្ងៃទី១៦ ខែកក្កដា នេះ បានប្រញាប់ប្រញាល់ជម្លៀសប្រជាជន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងទាំងកណ្តាលយប់ រហូតមកដល់ព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AmarinTV នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បណ្ដាលឱ្យកម្ពស់ទឹកបានហក់ឡើងយ៉ាងគំហុក នៅតំបន់ ដូយ លួង (Doi Luang) ជាប់ព្រំប្រទល់ខេត្ត ផាយ៉ាវ (Phayao) បង្កជាទឹកជំនន់ហូរកាត់ទន្លេ មេ ង៉ោ (Mae Ngao) និងទឹកជំនន់ភ្លាមៗនៅតំបន់ជាច្រើននៃខេត្ត (ង៉ោ យ៊ុម) Ngao Yom ដោយមានផ្ទះជាង៦០០ខ្នងរងការប៉ះពាល់ពីគ្រោះទឹកជំនន់រួចទៅហើយ។



ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ឃុំមួយចំនួននៅខេត្តឡាំប៉ាង យោងតាមវីដេអូពីស្ថានភាពទឹកជំនន់បានបង្ហាញឱ្យឃើញថា ផ្ទះសម្បែងពលរដ្ឋថៃ រាប់រយខ្នងបានជន់លិច ជាពិសេសមនុស្សចាស់ជរា និងកុមារ រួមទាំងសត្វចិញ្ចឹម បានជាប់គាំងតាមផ្ទះ ដោយសារចរន្ដទឹកហូរលឿនខ្លាំង ពិបាកក្នុងការជួយសង្រ្គោះ៕

