ភ្នំពេញ៖ តាមការបែកធ្លាយសំឡេងបទបញ្ជារបស់សម្ដេចមហាបវរធិបតិ ហ៊ុន ម៉ាតណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ សម្ដេចបវរធិបតី បានបញ្ជាក់ថា «ករណីដែលខេត្ដ បានរាយការណ៍មក ខេត្ដពោធិ៍សាត់ ខំបើកយុទ្ធនាការ ដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ ស្រាប់តែមានព្រះរាជអាជ្ញារងមួយរូប ទៅដោះលែងជនដែលប្រព្រឹត្ដបទល្មើសទៅវិញ។


សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើសិនជារកឃើញថា ព្រះរាជអាជ្ញារងមួយរូបនោះ មានការយកលុយ ពីជនប្រព្រឹត្ដបទល្មើស សម្ដេចបានបញ្ជាឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ACU ត្រូវចាត់វិធានការភ្លាមៗផងដែរ។

លុះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។ ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

Share.