សេអ៊ូល៖ អាជ្ញាធរកូរ៉េខាងត្បូង បាននិយាយថា មនុស្ស ២នាក់ស្លាប់ និងជាង ១០០០នាក់ត្រូវជម្លៀសចេញ បន្ទាប់ពីបានរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងនាថ្ងៃព្រហស្បតិ៍ នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃ និងសុខសុវត្ថិភាពកូរ៉េខាងត្បូង បានឱ្យដឹងថា គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃព្រហស្បតិ៍ នេះ (ម៉ោងក្នុងស្រុក) ផ្នែកខ្លះនៃតំបន់ South Chungcheong នៅភាគខាងត្បូងរដ្ឋធានីសេអ៊ូល បានមើលឃើញទឹកភ្លៀងធ្លាក់ក្នុងកម្រិតប្រមាណជាង៤០០មីលីម៉ែត្រ ចាប់តាំងតែពីថ្ងៃពុធមក។



កម្រិតភ្លៀងធ្លាក់នៅតំបន់នោះ គឺជាកំណត់ត្រាថ្មីមួយ មិនធ្លាប់មានក្នុងរយៈពេលជាង១០០ឆ្នាំ ខណៈអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូង បានព្យាករថា ការធ្លាក់ភ្លៀងនឹងបន្តដល់យប់ថ្ងៃព្រហស្បតិ៍។


ការជូនដំណឹងអំពីគ្រោះរអិលបាក់ដី ក៏ត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់តំបន់មួយចំនួនផងដែរ ក្នុងនោះរួមមានទាំងតំបន់ Chungcheong ខណៈតំបន់នេះនៅតែបន្ដមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែកនៅឯទីក្រុង Gwangju ដែលមានចម្ងាយ ២៦៧គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងសេអ៊ូល ផ្លូវថ្នល់ ៨៧ខ្សែ និងអគារ ៣៨ខ្នង បានជន់លិចក្រោមទឹក ក្រោយការចេញសារព្រមានអំពីការធ្លាក់ភ្លៀងខ្លាំង បានរយៈពេល២ម៉ោង។ ចំណែកសាលារៀនប្រមាណ ៤០៣កន្លែង ត្រូវបានបិទទ្វារ ហើយ ១៦៦កន្លែង បានរាយការណ៍ពីការខូចខាត ដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំងក្លានេះ៕

